ទន្លេសាប៖ ប្រជានេសាទលក្ខណៈគ្រួសារ និងប្រជាពលរដ្ឋ បានអំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមជនល្មើសបានប្រើប្រាស់មងខ្នាតយក្ស ប្រវែងរាប់សិបគីឡូម៉ែត្រ ដើម្បីប្រមាញ់ត្រីមេពូជ និងត្រីប្រភេទកម្រ នៅតំបន់បឹងទន្លេសាប។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជនល្មើសបានប្រើប្រាស់កាណូតធំៗ រាយមងក្រឡាធំ ឬហៅថា «មងខ្នាតយក្ស» ដែលមានទំហំប្រមាណ ១ ទៅ ១.៥ តឹក និងមានប្រវែងពី ១៥ ទៅ ២០គីឡូម៉ែត្រ លាតសន្ធឹងលើផ្ទៃទឹកបឹងទន្លេសាប ជាពិសេសនៅពេលយប់។

ប្រភពដដែលអះអាងថា គោលដៅសំខាន់នៃការរាយមងនេះ គឺប្រមាញ់ត្រីមេពូជធំៗ ជាពិសេស «ត្រីប្រម៉ា» ដែលត្រូវបានចាត់ទុកថាជាប្រភេទត្រីកម្រ និងជិតផុតពូជ។ ក្នុងមួយយប់ ក្រុមជនល្មើសអាចប្រមូលផលត្រីបានប្រមាណ ២០០ ទៅ ៣០០គីឡូក្រាម ដែលប្រសិនបើសកម្មភាពនេះបន្តកើតមាន អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល និងការបន្តពូជត្រីនៅបឹងទន្លេសាប។

ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារ បានឱ្យដឹងថា សកម្មភាពនេះត្រូវបានរាយការណ៍ថា កើតមាននៅចំណុចចន្លោះបង្គោលឡូត៍អភិរក្សការពារត្រីមេពូជ ក្នុងដែនទឹកតភ្ជាប់រវាងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ជិតភូមិបាឡត ស្រុកស្ទោង និងជិតជ្រោយស្ដី ស្រុកក្រគរ ដោយអ្នកខ្លះ បានអះអាងថា ម្ចាស់ទូក និងកាណូតដែលពាក់ព័ន្ធនឹងការនេសាទល្មើសច្បាប់មួយចំនួន ត្រូវបានសង្ស័យថា ជាជនជាតិវៀតណាម ដែលធ្វើដំណើរមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រជានេសាទលក្ខណៈគ្រួសារ បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពនេះ និងស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធបង្កើនការចុះត្រួតពិនិត្យ និងស៊ើបអង្កេតឱ្យបានហ្មត់ចត់ ជាពិសេសចំពោះការរាយមងដែលមានប្រវែងរាប់សិបគីឡូម៉ែត្រ ដែលត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពនៅជិតតំបន់អភិរក្សត្រីមេពូជ។

ប្រជាពលរដ្ឋ និងប្រជានេសាទ ក៏បានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពាក់ព័ន្ធ រួមមានខេត្តកំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង ព្រមទាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ចុះស៊ើបអង្កេតដោយផ្ទាល់ និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញថា មានការប្រព្រឹត្តបទល្មើសពិតប្រាកដ។

ពួកគាត់បញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទឱ្យបានទាន់ពេលវេលា គឺមានសារៈសំខាន់ក្នុងការការពារត្រីមេពូជ និងធនធានជលផលនៅបឹងទន្លេសាប កុំឱ្យរងការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ និងធានាឱ្យធនធានធម្មជាតិដ៏សំខាន់នេះនៅតែមានសម្រាប់ប្រជាពលរដ្ឋ និងជំនាន់ក្រោយ។

Share.