ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ ជុំវិញហានិភ័យនៃការរីករាលដាល «ជំងឺប៉េស្តសួត» (Pneumonic Plague) បន្ទាប់ពីមានឧប្បត្តិហេតុលេចធ្លាយមេរោគនៅក្នុងមន្ទីរពិសោធន៍មួយកន្លែងនៅតំបន់ស៊ីបេរី អាជ្ញាធររុស្ស៊ីបានប្រកាសជាផ្លូវការថា លទ្ធផលនៃការធ្វើតេស្តសំណាកលើមនុស្សជិត ៥.០០០នាក់ គឺអវិជ្ជមានទាំងអស់។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីអភិបាលតំបន់ Irkutsk លោក Igor Kobzev កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ម្សិលម៉ិញ បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានបញ្ចប់ការត្រួតពិនិត្យ និងធ្វើតេស្តសុខភាពយ៉ាងល្អិតល្អន់លើបុគ្គលពាក់ព័ន្ធទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកមន្ទីរពិសោធន៍នៃអង្គភាពស្រាវជ្រាវជំងឺប៉េស្តតំបន់ស៊ីបេរី ហើយលទ្ធផលបង្ហាញថា គ្មាននរណាម្នាក់ឆ្លងមេរោគដ៏កាចសាហាវនេះបន្ថែមទៀតនោះឡើយ។

ជាមួយគ្នានេះដែរ អាជ្ញាធររុស្ស៊ីបានច្រានចោលទាំងស្រុងនូវព័ត៌មានផ្សេងៗ ដែលបានចោទប្រកាន់ថា មានករណីឆ្លងទី២ នៅក្នុងតំបន់ Irkutsk កំឡុងពេលអនុវត្តវិធានការចត្តាឡីស័ក ខណៈនាយកដ្ឋានព័ត៌មាននៃស្ថាប័នឃ្លាំមើលសុខភាពរុស្ស៊ី បានបញ្ជាក់បន្ថែមថា ព័ត៌មានដែលកំពុងរៀបរាប់ និងចែកចាយនៅលើបណ្តាញសង្គមជុំវិញករណីនេះ គឺជាព័ត៌មានមិនពិត និងខុសពីការពិតទាំងស្រុង។

គួរបញ្ជាក់ថា អង្គការសុខភាព និងសហគមន៍អន្តរជាតិកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពេលមានការបែកដកផ្ទុកវីរុសដោយអចេតនារបស់អ្នកវិទ្យាសាស្ត្រម្នាក់ នៅក្នុងវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្ត Irkutsk ដែលបានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត (បើគិតត្រឹមថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦) ដោយម្នាក់ក្នុងនោះ គឺជាអ្នកវិទ្យាសាស្ត្រដែលធ្វើការក្នុងមន្ទីរពិសោធន៍នោះផ្ទាល់ ខណៈមនុស្សប្រមាណ ២០០នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ក និងតាមដានសុខភាពយ៉ាងម៉ត់ចត់។
ចំពោះទិដ្ឋភាពទូទៅនៃជំងឺនេះ ជំងឺប៉េស្តសួត គឺជាប្រភេទទម្រង់ជំងឺប៉េស្តដែលកាចសាហាវ និងឆ្លងលឿនបំផុត ដោយវាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈតំណក់ទឹកតូចៗ ចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ ឬតាមរយៈការប៉ះពាល់តំណក់ទឹកល្អិតៗចេញពីសត្វដែលមានផ្ទុកមេរោគ។ នៅពេលឆ្លង មេរោគនេះនឹងបង្កឱ្យអ្នកជំងឺលេចចេញរោគសញ្ញាសំខាន់ៗ ក្នុងរយៈពេលពី ១ ទៅ ៧ថ្ងៃដូចជា គ្រុនក្តៅខ្លាំង ញាក់ ឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ ល្វើយ វិលមុខ ក្អកខ្លាំង មានស្លេស្មលាយឈាម ឬលាយទឹក ពិបាកដកដង្ហើម ឈឺទ្រូងខ្លាំង ព្រមទាំងមានអាការៈចង្អោរ ក្អួត និងរាករូសផងដែរ។ បច្ចុប្បន្ន ជំងឺនេះមិនទាន់មានវិធីព្យាបាលជាក់លាក់ណាមួយឡើយ ប៉ុន្តែអ្នកជំងឺតម្រូវឱ្យទទួលការគ្របដណ្តប់ និងព្យាបាលដោយថ្នាំផ្សះតាមការណែនាំភ្លាមៗពីគ្រូពេទ្យជំនាញ ព្រោះប្រសិនបើតំបន់ឆ្លងមិនត្រូវបានទទួលការព្យាបាលទាន់ពេលវេលទេនោះ វាអាចបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិតបានយ៉ាងរហ័ស ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ៕

