បាងកក៖ អ្នកវិភាគ និងជាសកម្មជនមតិសាធារណៈ លោក Michael B. Alfaro បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានចេញមុខរិះគន់ឥតសំចៃមាត់ ចំពោះករណីរំលោភសិទ្ធិមនុស្ស ការជួញដូរមនុស្ស និងអំពើជិះជាន់កៀបសង្កត់យ៉ាងធ្ងន់ធ្ងរ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ ដោយបានអំពាវនាវឲ្យមានចំណាត់ការផ្លូវច្បាប់ជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត។

ការចេញមុខប្រតិកម្មយ៉ាងក្តៅគគុកពីសំណាក់លោក Michael B. Alfaro នាពេលនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរនៃការិយាល័យវិភាគស្រាវជ្រាវកណ្តាល ឬ នាយកដ្ឋានស៊ើបអង្កេតកណ្តាលថៃ (CIB) បានចុះទៅត្រួតពិនិត្យមជ្ឈមណ្ឌលថែទាំអ្នកជំងឺមួយកន្លែង ស្ថិតក្នុងខេត្តកញ្ចនបុរី (Kanchanaburi) ក្រោយទទួលបានបណ្តឹងចោទប្រកាន់ថាស្ត្រីម្នាក់ត្រូវបានឃុំឃាំងទុកដោយខុសច្បាប់អស់រយៈពេលជាង ២ឆ្នាំកន្លះ។ នៅក្នុងទីតាំងនោះ សមត្ថកិច្ចបានរកឃើញបន្ទប់ដែលមានចម្រឹងដែក បន្លាលួសក្រវាត់ជុំវិញ និងមានរូបរាងស្រដៀងនឹងទ្រុងដែក ភ្ជាប់នៅជាប់នឹងគ្រែរបស់អ្នកជំងឺតែម្តង។

លោក Michael B. Alfaro បានរៀបរាប់ដោយក្តីរំជួលចិត្ត និងសម្តែងការរិះគន់យ៉ាងធ្ងន់ធ្ងរថា៖ «សូមស្រមៃគិតមើលថា ប្រសិនបើអ្នកជាមនុស្សចាស់ ឬជានរណាក៏ដោយ ដែលត្រូវដេកក្នុងទ្រុងដែកចង្អៀតណែន ស្ទើរតែប្រែខ្លួនមិនរួច ហើយត្រូវគេចាក់សោជាប់រាប់ម៉ោង។ តើអ្នកត្រូវបត់ជើងដោយរបៀបណា? តើត្រូវនោមដាក់ខោខ្លួនឯងឬ?»

លោកបានគូសបញ្ជាក់បន្ថែមថា រូបភាពដ៏ជូរចត់ និងអមនុស្សធម៌នៅឯមជ្ឈមណ្ឌលថែទាំក្នុងខេត្តកញ្ចនបុរីនេះ គឺមិនខុសពីសុបិនអាក្រក់ និងភាពវេទនារបស់ជនរងគ្រោះ ដែលត្រូវគេបោកប្រាស់ និងឃុំឃាំងនៅក្នុងតំបន់ឆបោក (Scam Compounds) ឆ្លងដែនក្នុងតំបន់នោះឡើយ។ ជនរងគ្រោះជាច្រើនបានចាញ់បោកការផ្សាយពាណិជ្ជកម្មស្វែងរកការងារធ្វើ តែបែរជាត្រូវគេចាប់ពង្រត់ វាយដំ និងបង្ខំឲ្យធ្វើសកម្មភាពឆបោកទាំងភ័យខ្លាចរាប់ខែរាប់ឆ្នាំ។

ទាក់ទិននឹងបញ្ហានេះ លោក Michael B. Alfaro បានសង្កត់ធ្ងន់ថា ទង្វើទាំងនេះមិនមែនជាបទល្មើសឆបោកធម្មតានោះទេ ប៉ុន្តែវាគឺជា «អំពើជួញដូរមនុស្ស និងការទារុណកម្មបែបស៊ីវិល័យ» ដែលអាជ្ញាធរថៃ និងរដ្ឋាភិបាលក្នុងតំបន់ មិនអាចគ្រាន់តែចេញសេចក្តីថ្លែងការណ៍ ឬធ្វើការបង្ក្រាបបែបបង្គ្រប់កិច្ចនោះឡើយ។

យោងតាមការលើកឡើងរបស់លោក Michael B. Alfaro បណ្តាញឧក្រិដ្ឋជនឆ្លងដែន រួមទាំងបណ្តាញដែលពាក់ព័ន្ធនឹងក្រុមឆបោកធំៗ តែងតែប្រើល្បិចផ្លាស់ប្តូរទីតាំង ប្តូរឈ្មោះ និងបង្កើតបណ្តាញឡើងវិញជានិច្ច នៅពេលដែលមានការរឹតបន្តឹងពីសមត្ថកិច្ច។ ដូច្នេះ លោកបានទាមទារឲ្យមាន៖
១. ការអនុវត្តច្បាប់ដ៏តឹងរ៉ឹង និងឥតប្រណីចំពោះជនល្មើស អ្នកជំនួញខិលខូច និងមន្ត្រីពុករលួយនៅពីក្រោយខ្នង ត្រូវតែប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័សបំផុត។

២. កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព៖ រដ្ឋាភិបាលត្រូវតែសហការគ្នាយ៉ាងពិតប្រាកដ រយៈពេលយូរអង្វែង ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋជនទាំងនេះឲ្យដល់ឫសគល់ ដោយមិនខ្វល់ថា នរណានឹងឡើងកាន់អំណាចនោះឡើយ។

លោក Michael B. Alfaro បានបញ្ជាក់នៅចុងបញ្ចប់ថា លោកតែងតែជាអ្នកគាំទ្រ និងស្រឡាញ់ចូលចិត្តវប្បធម៌ ក៏ដូចជាប្រជាជននៅក្នុងតំបន់នេះ ប៉ុន្តែការស្រឡាញ់ដែលពិតប្រាកដ គឺត្រូវតែហ៊ាននិយាយរិះគន់ចំៗ និងប្រឆាំងដាច់ខាតចំពោះអំពើអាក្រក់ និងការរំលោភបំពានដ៏ឃោរឃៅទាំងនេះ ដើម្បីស្វែងរកយុត្តិធម៌ និងសេរីភាពជូនដល់ជនរងគ្រោះទាំងអស់៕

ប្រភព ៖ Michael B Alfaro’s

Share.