ព្រះសីហនុ៖ ក្នុងរយៈពេល ១៣ថ្ងៃ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបន្តចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៩នាក់ ពាក់ព័ន្ធបទល្មើសជាច្រើនប្រភេទ និងដកហូតវត្ថុតាងមួយចំនួនធំ។ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបន្តប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន។

បទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាន រួមមាន អំពើលួច និងទទួលផលចោរកម្ម លួចខ្សែភ្លើង និងបំពង់ស្ពាន់ម៉ាស៊ីនត្រជាក់ លួចម៉ូតូ អំពើលួចមានស្ថានទម្ងន់ទោសដោយកាប់បំបែកទ្វារ បំផ្លាញទ្រព្យសម្បត្តិដោយចេតនា កំហែងយកមានស្ថានទម្ងន់ទោស ការកាន់កាប់ និងដឹកជញ្ជូនអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ព្រមទាំងល្បែងស៊ីសងខុសច្បាប់តាមរយៈម៉ាស៊ីនបាញ់ត្រី។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ១៩នាក់ ក្នុងនោះមានជនជាតិខ្មែរ និងជនជាតិចិន ហើយកំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួកផ្សេងទៀត និងជនដែលកំពុងគេចខ្លួន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត និងរកឃើញវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន ម៉ូតូ ម៉ូតូកង់បី ទូរស័ព្ទដៃ ខ្សែភ្លើង បំពង់ស្ពាន់ ឧបករណ៍កាត់ខ្សែ កាំបិត ទួណឺវីស កាបូប និងសម្ភារផ្សេងៗ ព្រមទាំងគ្រឿងផ្ទុះចំនួន ៣គ្រាប់ ម៉ាស៊ីនបាញ់ត្រី ២គ្រឿង និងប្រាក់ចំនួន ១៩,៦០០ដុល្លារអាមេរិក ដែលត្រូវបានកំណត់ថា ជាផលនៃអំពើល្មើស។

វត្ថុតាងមួយចំនួនដែលជាផលនៃអំពើល្មើស ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ខណៈបុគ្គលដែលពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ស្របតាមនីតិវិធី។ ចំពោះជនសង្ស័យដែលមានពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា នឹងបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិននៅក្នុងខេត្តព្រះសីហនុ៕

Share.