ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាកាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង «ពិធីសំណេះសំណាលជាមួយប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) លើកទី៥ » ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងគ្រូបង្វឹក គ្រូជំនួយ និងបងប្អូនអត្តពលិកយ៉ាងច្រើនរូប។

ថ្លែងក្នុងថ​ពិធី ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើរបាយការណ៍សង្ខេប និងសម្តែងនូវការគោរពស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមសំហេងបុរស និងគណៈអធិបតីទាំងមូល។ ក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដឹកនាំប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ចូលរួមការប្រកួតសំខាន់ៗចំនួន ៣កម្រិតជាខ្នាតអន្តរជាតិ រួមមាន៖ កម្រិតអាស៊ាន អាស៊ី និងពិភពលោក។

សម្រាប់កម្រិតអាស៊ី កម្ពុជាបានចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) ចំនួន ៤លើក ចាប់តាំងពីឆ្នាំ២០១០ និងការប្រកួតយុវជនអាស៊ីប៉ារ៉ាហ្គេម (Asian Youth Para Games) ចំនួន ២លើក។ ជាលទ្ធផលនៃការចូលរួមប្រកួតលើឆាកអន្តរជាតិនានា អត្តពលិកជនពិការកម្ពុជាសម្រេចបានស្នាដៃដណ្តើមជូនជាតិនូវមេដាយសរុបចំនួន ២៨១គ្រឿង (មាស ៤៦គ្រឿង, ប្រាក់ ១១៣គ្រឿង និងសំរិទ្ធ ១២២គ្រឿង)។

ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមថា គណៈកម្មាធិការ និងប្រធានប៉ារ៉ាឡាំពិកអាស៊ី បានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តប្រកបដោយវិជ្ជមាន និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩»។

បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបស្តីពីសមិទ្ធផលនានា ឯកឧត្តមសំហេងបុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើការសំណេះសំណាល និងថ្លែងអំណរគុណដល់ ឯកឧត្តមយីវាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានលើកទឹកចិត្ត និងជូនពរដល់ប្រតិភូកីឡា គ្រូបង្វឹក និងអត្តពលិកជនពិការសរុប ៣១អង្គ/នាក់ (កីឡាករ-កីឡាការិនី ១៧ នាក់) ដែលត្រូវចូលរួមប្រកួតលើ ៥ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ អាស៊ីប៉ារ៉ាហ្គេមលើកទី៥ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ និងបន្តស្មារតីតស៊ូ សាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជនពិការកម្ពុជាឱ្យកាន់តែរីកចម្រើន។

ប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) ឆ្នាំ២០២៦​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា (Nagoya) ប្រទេសជប៉ុន ។ ការប្រកួតលើប្រភេទកីឡាចំនួន ១៨ រួមទាំងកីឡាអត្តពលកម្មសម្រាប់ជនពិការ និងកីឡាហែលទឹកសម្រាប់ជនពិការ។

គួរ​បញ្ជាក់ថា ប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) ឬគេស្គាល់ថា Para Asiad គឺជាព្រឹត្តិការណ៍កីឡាចម្រុះសម្រាប់អត្តពលិកដែលមានពិការភាពផ្នែករាងកាយ ដែលរៀបចំឡើងរៀងរាល់ ៤ ឆ្នាំម្តង បន្ទាប់ពីព្រឹត្តិការណ៍ Asian Games ដោយស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (Asian Paralympic Committee)៕

Share.