ត្បូងឃ្មុំ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបញ្ជ្រាបការយល់ដឹងអំពីការចំណាកស្រុកដោយសុវត្ថិភាព ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងយុវជនសរុបចំនួន ២៩៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព្រមទាំងចែកមួកសុវត្ថិភាពចំនួន ២៥មួក។
យុទ្ធនាការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្នុងទីរួមខេត្តត្បូងឃ្មុំ ក្រោមការចាត់ចែងរបស់ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានលោកស្រី លី ស៊ីណាន់ និងលោកស្រី សឿន វួចលៀង នាយិការងសាខា ដឹកនាំក្រុមការងារ និងសហការជាមួយកងកម្លាំងនគរបាលជំនាញចរាចរណ៍។

ក្នុងឱកាសនោះ លោកស្រី សឿន វួចលៀង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ ដោយសាររដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានការធ្វើដំណើរកើនឡើង។ លោកស្រីបានណែនាំឱ្យអ្នកជិះទោចក្រយានយន្តពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ បើកបរក្នុងល្បឿនកំណត់ និងប្រកាន់ខ្ជាប់គោលការណ៍ «ស្រវឹងកុំបើកបរ បើកបរមិនត្រូវសេពគ្រឿងស្រវឹង» ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។


ជាមួយគ្នានេះ លោកស្រី លី ស៊ីណាន់ បានលើកឡើងពីសារៈសំខាន់នៃការយល់ដឹងអំពីការចំណាកស្រុកដោយសុវត្ថិភាព ដោយណែនាំឱ្យប្រជាពលរដ្ឋស្វែងរកព័ត៌មានពីប្រភពស្របច្បាប់ រៀបចំឯកសារឱ្យបានត្រឹមត្រូវ មុនសម្រេចចិត្តទៅធ្វើការទាំងក្នុង និងក្រៅប្រទេស ព្រមទាំងប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោតពីមេខ្យល់ និងហានិភ័យនៃការជួញដូរមនុស្ស។




ក្នុងយុទ្ធនាការនេះ ក្រុមការងារក៏បានចែកសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ២០០ក្បាល ខិត្តបណ្ណសុវត្ថិភាពចរាចរណ៍ ៣០០សន្លឹក ខិត្តបណ្ណជំនួយស្មារតីច្បាប់ចរាចរណ៍ ២៥០សន្លឹក ខិត្តបណ្ណស្តីពីអ្វីដែលអ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង ២០០សន្លឹក និងខិត្តបណ្ណផ្លាកសញ្ញាចរាចរណ៍ ២០សន្លឹក ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ចរាចរណ៍ក្នុងចំណោមប្រជាពលរដ្ឋ៕
ធត្ថបទ÷អាចារ្យលាក់
