វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ ថា លោកបានសម្រេចកិច្ចព្រមព្រៀងជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបញ្ចេញប្រេងម៉ាស៊ូតក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមានការបន្ធូរបន្ថយការទណ្ឌកម្មជាបណ្ដោះអាសន្នលើទីក្រុងម៉ូស្គូ ខណៈដែលរូបលោកកំពុងព្យាយាមជំរុញឱ្យតម្លៃថាមពលធ្លាក់ចុះវិញ មុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកណ្ដាលអាណត្តិ មកដល់។

លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គមបន្ទាប់ពីកិច្ចចរចាជាមួយលោក ពូទីន យ៉ាងដូច្នេះថា៖ «ប្រទេសរុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០,០០០តោនភ្លាមៗ ដល់ទីផ្សារអាមេរិក និងទីផ្សារសកលលោក»។

ការសម្រេចចិត្តនេះកើតមានឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលការបោះឆ្នោតកណ្ដាលអាណត្តិដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ការគ្រប់គ្រងលើសភា ខណៈដែលពលរដ្ឋអាមេរិកកំពុងជួបប្រទះនឹងសម្ពាធនៃទំនិញឡើងថ្លៃ។

តម្លៃសាំង និងប្រេងម៉ាស៊ូតនៅតាមស្ថានីយប្រេងឥន្ធនៈក្នុងសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់ខ្លាំងចាប់តាំងពីចុងខែកុម្ភៈមក ដែលជាពេលកងទ័ពអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ រហូតធ្វើឱ្យទីក្រុងតេហេរ៉ង់ បិទច្រកសមុទ្រហ៊ូម៊ូស (Strait of Hormuz) ដែលជាច្រករបៀងដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយ។

ស្ថានភាពនេះបានបង្កើនសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំងដល់គ្រួសារជនជាតិអាមេរិក ហើយក្រសួងរតនាគារសហរដ្ឋអាមេរិក ធ្លាប់បានប្រកាសបន្ធូរបន្ថយទណ្ឌកម្មជាបណ្ដោះអាសន្នរួចមកហើយ ដើម្បីដោះស្រាយបញ្ហាខ្វះខាតការផ្គត់ផ្គង់ប្រេងដែលបង្កឡើងដោយសង្គ្រាមនេះ។

ពាក់ព័ន្ធនឹងការបញ្ចេញប្រេងម៉ាស៊ូតបន្ថែម លោក ត្រាំ បានសរសេរនៅលើវេទិកា Truth Social កាលពីថ្ងៃសុក្រថា ទីក្រុងម៉ូស្គូ ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ «៥០០,០០០តោនទៀតក្នុងអំឡុងខែវិច្ឆិកា និង ១,០០០,០០០តោនភ្លាមៗបន្ទាប់ពីនោះ»។

លោក ត្រាំ បានបន្តទៀតថា៖ «លើសពីនេះទៅទៀត ផ្អែកលើស្ថានភាពនៃរោងចក្រចម្រាញ់ប្រេងម៉ាស៊ូតរបស់ពួកគេ ប្រទេសរុស្ស៊ីនឹងបញ្ជូនប្រេងម៉ាស៊ូតចំនួន ៣,០០០,០០០តោនបន្ថែមទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»។

កាលពីថ្ងៃសុក្រដដែលនោះ ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានចេញប័ណ្ណអនុញ្ញាតបណ្ដោះអាសន្នមួយ ដើម្បីបើកផ្លូវឱ្យប្រេងម៉ាស៊ូតរបស់រុស្ស៊ីហូរចូលទៅក្នុងទីផ្សារសកលរហូតដល់ខែមេសា ឆ្នាំ២០២៧។

គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានងាយរងគ្រោះដោយសាររលកទណ្ឌកម្មជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសដៃគូ ចាប់តាំងពីការឈ្លានពានប្រទេសអ៊ុយក្រែនជិតខាងក្នុងឆ្នាំ២០២២ មកម្ល៉េះ។ ប៉ុន្តែ ការបន្ធូរបន្ថយទណ្ឌកម្មកម្រិតស្រាលរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដើម្បីអនុញ្ញាតឱ្យមានការលក់ប្រេងរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភ និងរងការរិះគន់ថា វាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់ផ្តាច់ប្រភពចំណូលរបស់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាមកាន់តែមានភាពស្មុគស្មាញ។

សេចក្តីប្រកាសរបស់លោក ត្រាំ កាលពីថ្ងៃសុក្រ ក៏ស្របពេលដែលមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ត្រូវជួបប្រជុំគ្នានៅទីក្រុង Miami ក្នុងកិច្ចខិតខំប្រឹងប្រែងការទូតថ្មីមួយដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីផងដែរ។ បច្ចុប្បន្ន ទីក្រុងម៉ូស្គូដែលបានបើកការឈ្លានពានទ្រង់ទ្រាយធំក្នុងខែកុម្ភៈ ឆ្នាំ២០២២ គឺកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនប្រហែលមួយភាគប្រាំ។

លោក Angelo Kourkafas មកពីក្រុមហ៊ុន Edward Jones បានកត់សម្គាល់កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងជាមួយរុស្ស៊ីនេះ គឺ «ជួយកាត់បន្ថយភាពតានតឹងពីសេណារីយ៉ូអាក្រក់បំផុត» លើការផ្គត់ផ្គង់ថាមពល និងអតិផរណា។

សម្រាប់ពេលនេះ លោក ត្រាំ បានអះអាងថា «ដំណឹងដ៏អស្ចារ្យ» ស្ដីពីថាមពលរុស្ស៊ីនេះ នឹងជួយបញ្ចុះតម្លៃឱ្យបានរហ័ស។ លោកប្រធានាធិបតីបានបន្ថែមថា៖ «ការធ្លាក់ចុះតម្លៃសម្រាប់ជនជាតិអាមេរិក ជាពិសេសកសិករ ម្ចាស់កសិដ្ឋាន និងអ្នកបើកបរឡានដឹកទំនិញដ៏អស្ចារ្យរបស់យើង គឺជាអាទិភាពដ៏ធំបំផុតរបស់ខ្ញុំ»។

សូមជម្រាបថា តម្លៃមធ្យមនៃប្រេងសាំងធម្មតា (Regular gasoline) នៅសហរដ្ឋអាមេរិកបានលោតឡើងជាង ៤៦ភាគរយ ចាប់តាំងពីចុងខែកុម្ភៈមក ដល់តម្លៃ ៤,៣៧ដុល្លារក្នុងមួយហ្គាឡុង ខណៈដែលតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងដល់ ៦៧ភាគរយក្នុងអំឡុងពេលដូចគ្នា ដោយឡើងដល់តម្លៃ ៦,២៨ដុល្លារក្នុងមួយហ្គាឡុង៕

ប្រភព៖ CNA

Share.