មណ្ឌលថែទាំអ្នកជំងឺ «Serm Suk» ស្ថិតក្នុងខេត្តនន្ដបុរី កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹង បន្ទាប់ពីមានការទម្លាយពីរឿងរ៉ាវដ៏ឃោរឃៅ ដូចជាការដាក់ច្រវាក់ វាយដំ និងធ្វើទារុណកម្មលើអ្នកជំងឺ។ ភាពអនាធិបតេយ្យ និងអំពើបំពានទាំងនេះ ត្រូវបានលាតត្រដាងឡើងដោយអតីតអ្នកស្នាក់នៅទីនោះ បានរៀបរាប់ពីសភាពបន្ទប់ឃុំឃាំងតូចៗ និងការដាក់ច្រវាក់ដែកជុំវិញគ្រែ ដើម្បីកុំឱ្យអ្នកជំងឺអាចដើរចេញទៅណាបាន សូម្បីតែចង់បត់ជើងតូច គឺត្រូវប្រើថង់ប្លាស្ទិកជាដើម។

រឿងអាស្រូវនេះបានបែកធ្លាយ នៅពេលដែលអតីតអ្នកជំងឺម្នាក់ឈ្មោះ ហ្វា បានទម្លាយថា មិត្តភក្តិរបស់ខ្លួនឈ្មោះ ង៉ាម បានស្លាប់បន្ទាប់ពីទទួលរងនូវទណ្ឌកម្ម និងរបួសធ្ងន់ធ្ងរពីមណ្ឌលនេះ មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណា ពេលដែលមន្ត្រីប៉ូលិស និងមន្ត្រីសុខាភិបាលចុះត្រួតពិនិត្យ ពួកគេពុំបានរកឃើញឧបករណ៍ដាក់ច្រវាក់នោះទេ ព្រោះត្រូវគេលាក់ទុកទាន់ពេល ប៉ុន្តែបានរកឃើញកំហុសឆ្គងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺមណ្ឌលនេះមានអ្នកជំងឺរហូតដល់ ៨១នាក់ ស្ថិតក្រោមការមើលថែ ខណៈដែលច្បាប់អនុញ្ញាតឱ្យទទួលត្រឹមតែ ៩នាក់ប៉ុណ្ណោះ។

ជុំវិញការចោទប្រកាន់ទាំងនេះ ម្ចាស់មណ្ឌលថែទាំខាងលើនៅតែបន្តបដិសេធចំពោះរាល់បទល្មើស និងអំពើហិង្សាទាំងអស់ ខណៈដែលសមត្ថកិច្ចកំពុងបន្តដំណើរការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកការពិត និងចាត់វិធានការតាមផ្លូវច្បាប់៕

ប្រភព៖ The Thaiger

Share.