
ខណៈដែលវិបត្តិទឹកជំនន់បាននិងកំពុងបង្កើតជារូបភាពដ៏គួរឱ្យរន្ធត់ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជននៅភាគខាងត្បូងប្រទេសថៃ អាជ្ញាធរថៃហាក់កំពុងរត់តាមដោះស្រាយបញ្ហាយ៉ាងក្រពុលមុខ និងបង្ហាញពីភាពទន់ខ្សោយក្នុងការរៀបចំប្រព័ន្ធការពារគ្រោះមហន្តរាយជាមុន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅថ្ងៃទី ១២ តុលា ឆ្នាំ ២០២៦ លោក អនុទីន ឆានវីរៈកុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានចេញមុខទទួលស្គាល់ និងបញ្ជាឱ្យមានការលើកកម្ពស់វិធានការការពារបន្ទាន់នៅតំបន់ភាគខាងត្បូង បន្ទាប់ពីជំនន់ទឹកភ្លៀងបានបន្តវាយប្រហារ និងជន់លិចតំបន់សំខាន់ៗទាំង ៤ យ៉ាងគំហក់។
លោក អនុទីន បានអះអាងថា ស្ថានភាពទឹកជំនន់នៅតំបន់ភាគច្រើនបានចាប់ផ្តើមថយចុះជាបណ្តើរៗហើយ ប៉ុន្តែរូបភាពជាក់ស្តែងនៅភាគខាងត្បូងបានបង្ហាញពីភាពផ្ទុយគ្នា។ តំបន់ប្រឈមមុខខ្ពស់ និងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ រួមមាន៖ សុងខ្លា (Songkhla) ប៉ាត់តានី (Pattani) សៈតូន (Satun) និង ត្រាំង (Trang) ដែលជាខេត្តជាប់ព្រំសីមា ខេត្តណារ៉ាធិវ៉ាត ដែលកំពុងរងការវាយប្រហារដោយទឹកជំនន់។

ឆ្លើយតបនឹងសម្ពាធពីមហាជន និងការរិះគន់លើចំណាត់ការយឺតយ៉ាវ លោក អនុទីន បានដុតដៃដុតជើងចាត់តាំង លោក Phiphat Ratchakitprakarn អនុនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន រួមជាមួយលោក Worasit Liangprasert រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះទៅត្រួតពិនិត្យ និងតាមដានស្ថានការណ៍យ៉ាងប្រកៀកប្រកិត។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោកក៏បានហោះទៅប្រជុំបន្ទាន់ជាមួយអភិបាលខេត្តភាគខាងត្បូងទាំងអស់នៅខេត្តប៉ាត់តានី ដើម្បីដាក់ចេញវិធានការទប់ទល់ផងដែរ។
រហូតមកទល់ពេលនេះ គ្រោះទឹកជំនន់បាននិងកំពុងបន្តជន់លិច និងប៉ះពាល់ដល់ទៅ ២១ ខេត្ត ព្រមទាំងរាជធានីបាងកក មានប្រជាជនរងគ្រោះសរុបមានជាង ៣.១៤ លាននាក់ ឬជិត ១.១៣ លានគ្រួសារ។ ចំណែកឯកម្រិតទឹកក្នុងរាជធានីបាងកក បានចាប់ផ្តើមស្រកចុះបន្តិចវិញមកហើយ បន្ទាប់ពីអាជ្ញាធរថៃបើកម៉ាស៊ីនបូមរំដោះទឹកចេញទៅសមុទ្រ ប៉ុន្តែតំបន់ជាយក្រុងដែលជាប់នឹងខេត្ត Pathum Thani និង Samut Prakan នៅតែបន្តរងការគំរាមកំហែង និងជន់លិចខ្លាំងនៅឡើយ៕

