វិស័យភាពយន្តខ្មែរដែលកំពុងតែខិតខំស្ដារប្រប្រជាប្រិយភាពឡើងវិញ បាននិងកំពុងជួបប្រទះនូវការរិះគន់យ៉ាងក្ដៅគគុកពីសំណាក់មហាជន និងអ្នកស្នេហាវិស័យភាពយន្ត បន្ទាប់ពីស្នាដៃភាពយន្តថ្មីមួយដែលកំពុងបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ត្រូវបានអ្នកទស្សនាត្អូញត្អែរពីបាត់រសជាតិភាពយន្តពិត ក្រោយមានការលាយបញ្ចូលគ្នានូវបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ទៅក្នុងភាពយន្តខ្នាតធំ ដែលកំពុងតែហុចផលមហន្តរាយ និងបទពិសោធន៍មិនល្អសម្រាប់ទស្សនិកជនបានទស្សនាទៅវិញ។
តាមរយៈការបញ្ចេញមតិយ៉ាងច្រើនសន្ធឹកសន្ធាប់លើបណ្តាញសង្គម ទស្សនិកជនភាគច្រើនបានសម្តែងអារម្មណ៍ខកចិត្តយ៉ាងខ្លាំង រហូតដល់ខ្លះពោលថា «សុខចិត្តទុកលុយទៅលេងស្រុកកំណើត ដើរលេងបុណ្យភ្ជុំបិណ្ឌ ប្រសើរជាងចំណាយលុយមកមើលភាពយន្តដែលកែច្នៃដោយ AI គ្មានគុណភាពបែបនេះ»។ សម្ដីធ្ងន់ៗបានទាញចំណាប់អារម្មណ៍អស់ទាំងផលិតករ និងទស្សនជិកឱ្យងាកមកចាប់អារម្មណ៍ភាពយន្តមួយនោះយ៉ាងខ្លាំង។
ក្រោយទស្សនាចប់ អ្នករិះគន់សម្លឹងឃើញថា ភាពយន្តទាំងមូលទោះបីជាឈុតឆាកខ្លះជាការថតដោយមនុស្សពិតក្រៅពីការលាយបញ្ចូលនូវបញ្ញាសប្បនិម្មិត (AI) ផងនោះ ប៉ុន្តែសំឡេង និងការបញ្ចេញអារម្មណ៍របស់តួ បែរជាចេញមកដូចយន្តការរបស់ AI ដដែល ពោលគឺនិយាយត្រង់ៗឆ្គងៗគ្មានព្រលឹងទាល់តែសោះ។ ពួកគេចាត់ទុកភាពយន្តខ្មែរដែលមានគម្រោងចេញទៅចាក់បញ្ចាំងនៅបរទេសមួយនេះថា ជាសមទ្ធផលដែលគ្មានដួងព្រលឹងភាពយន្ត បាត់បង់ភាពច្នៃប្រឌិតនៃគំនិតអ្នកដឹកនាំរឿង និងមិនខុសអីពីរឿងដែលមើលនៅលើ Facebook ឬ TikTok នោះទេ។
អ្នករិះគន់លើកចំៗក្រោយទទួលបានអារម្មណ៍ផ្ទុយស្រឡះពីការរំពឹងទុកមុនថា ទស្សនិកជនភាគច្រើនបានសម្តែងការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះ បរិបទសាច់រឿងមួយចំនួនដែលមានលក្ខណៈអសីលធម៌ និងគួរឱ្យខ្ពើមរអើម (ដូចជាឈុតឆាកទាក់ទងរួមរក្សជាមួយនិងសាកសព) ដែលបង្ហាញពីការខ្វះការពិចារណាឱ្យបានស៊ីជម្រៅលើគុណតម្លៃសិល្បៈ។ ប៉ុន្តែអ្នកខ្លះទៀតបែរជាពោលថា សព្វថ្ងៃបច្ចេកវិទ្យាមានភាពជឿនលឿន ដោយស្ដ្រីអាចពពោះបានមិនចាំបាច់រួមរក្សជាមួយសាកសពនោះទេ។
គំនិតរួមរបស់ទស្សនិកជនបានផ្ញើសារទៅកាន់ផលិតករភាពយន្តថា ទោះបីជាបច្ចេកវិទ្យាវិវឌ្ឍទៅមុខដល់កម្រិត Hollywood យ៉ាងណាក៏ដោយ ប្រសិនបើផលិតករ ឬអ្នកផលិតភាពយន្តគ្មានគំនិតច្នៃប្រឌិត គ្មានការស្រឡាញ់ និងគ្មានការយល់ដឹងពីសិល្បៈភាពយន្តពិតប្រាកដទេនោះ ភាពយន្តដែលចេញមកនៅតែគ្មានតម្លៃដដែល។
មហាជនក៏បានអំពាវនាវឱ្យអ្នកបង្កើតមាតិកា និងផលិតករទាំងអស់ បញ្ឈប់ការយក AI មកធ្វើជា «លេស» ឬជាឧបករណ៍បំផ្លាញកេរ្តិ៍ឈ្មោះ និងគុណភាពនៃវិស័យភាពយន្តភាគខ្មែរនៅលើឆាកអន្តរជាតិបន្ថែមទៀត ហើយត្រូវត្រឡប់មកពង្រឹងសមត្ថភាពពិតប្រាកដក្នុងការដឹកនាំរឿង និងការសរសេរអត្ថបទឡើងវិញទើបជាទីប្រសើរ៕
