ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋជាង១ពាន់នាក់បានធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ ត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីបន្តការងារ និងការសិក្សារៀនសូត្រ តាមរយៈរថយន្តក្រុងចំនួន២០គ្រឿង ដែលផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុង ព្រមទាំងចែកជូនទឹកសុទ្ធ នំប៉័ង និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ មុនវិលត្រឡប់ទៅបំពេញភារកិច្ចរៀងៗខ្លួននៅរាជធានីភ្នំពេញវិញ។ លោកអភិបាលខេត្តបានលើកឡើងថា ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យផ្សេងៗ ដោយមិនគិតថ្លៃ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ធានាសុវត្ថិភាព និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ដើម្បីបន្តបំពេញការងារ និងការសិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាព។ ចំពោះសិស្សនិស្សិត ត្រូវបន្តការសិក្សាឱ្យបានល្អ ខណៈកម្មករ និងនិយោជិតត្រូវខិតខំបំពេញការងារ និងចេះសន្សំសំចៃប្រាក់សម្រាប់ការចំណាយក្នុងគ្រួសារ។

ការរៀបចំរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃនេះ បានជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរត្រឡប់ទៅរាជធានីភ្នំពេញ ក្រោយចំណាយពេលជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យក្នុងឱកាសភ្ជុំបិណ្ឌ ដោយអាចកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរ និងបន្តភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនវិញ៕
អត្ថបទ៖ពោធិ៍សាត់

