ដូចប្រិយមិត្តគ្រប់គ្នាបានដឹងហើយមកថា កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់ ១៧ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់ ត្រូវបានគេមើលឃើញថា ជាការបើកទំព័រថ្មីមួយទៀតនៃយុទ្ធសាស្ត្រផ្លូវច្បាប់ និងការទូតរវាងកម្ពុជា និងថៃ។ ប៉ុន្តែ មុនពេលជើងចូលទៅក្រុងឡាអេ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានបង្ហាញពីស្រពិចស្រពិលជាមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការចូលរួមដោះស្រាយវិវាទដែនសមុទ្រ។

លោក ស៊ីហសាក់ បានអះអាងជាសាធារណៈថា ថៃចង់ឱ្យមានការកំណត់ព្រំដែនសមុទ្រឱ្យដាច់ស្រឡះជាមុនសិន រីឯរឿងបែងចែកផលប្រយោជន៍សមុទ្រ (ប្រេង និងឧស្ម័ន) មិនទាន់ដល់ពេលត្រូវនិយាយនោះទេ។ សម្ដីរបស់លោកហាក់បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីយុទ្ធសាស្ត្រ «ផ្លោះនីតិវិធី» និងបានប្រើប្រាស់ធ្វើជាលេសដើម្បីទាញការពន្យារពេលក្នុងគោលបំណងបំពេញមហិច្ឆតានយោបាយផ្ទៃក្នុងរបស់ថៃ។ តើការផ្លោះនីតិវិធី ថៃផ្លោះយ៉ាងដូចមេច?

នៅក្នុងបទដ្ឋានច្បាប់សមុទ្រអន្តរជាតិ (UNCLOS 1982) ជាពិសេស មាត្រា ៧៤ (សម្រាប់តំបន់សេដ្ឋកិច្ចផ្តាច់មុខ) និង មាត្រា ៨៣ (សម្រាប់ឆ្នេរទ្វីប) មិនបានតម្រូវឱ្យរដ្ឋភាគីត្រូវតែទាល់តែខណ្ឌព្រំសីមាសមុទ្ររៀបរយ ១០ ភាគរយ ទើបអាចស្វែងរកកិច្ចព្រមព្រៀងសេដ្ឋកិច្ចបាននោះឡើយ។ ផ្ទុយទៅវិញ ច្បាប់សមុទ្រអន្តរជាតិ បានលើកទឹកចិត្តយ៉ាងទទូច ឱ្យប្រទេសដែលមានដែនសមុទ្រទាមទារត្រួតពិនិត្យគ្នា បង្កើតនូវ «កិច្ចព្រមព្រៀងបណ្តោះអាសន្ន» ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នាជាមុន ដោយមិនចាំបាច់ប៉ះពាល់ដល់ជំហរអធិបតេយ្យភាពដែនដីឡើយ។

ការដែលប្រមុខការបរទេសថៃ ប្រកាសបិទទ្វារមិនជជែកពីផលប្រយោជន៍សមុទ្រ និងទាមទារយកការខណ្ឌព្រំដែនសមុទ្រជាលក្ខខណ្ឌមួយដែលថៃត្រូវតែជាអ្នកកំណត់មុនគេនោះ ច្បាស់ណាស់វាគឺជាចេតនាដើរផ្ទុយស្រឡះពីស្មារតីនៃ UNCLOS ។ ថៃខ្លួនឯងធ្លាប់មានបទពិសោធន៍ជោគជ័យក្នុងការបង្កើតតំបន់អភិវឌ្ឍន៍រួម (JDA) ជាមួយប្រទេសម៉ាឡេស៊ី ដោយទុកការខណ្ឌព្រំដែននៅមួយឡែក ប៉ុន្តែហេតុអ្វីបានជាពេលមកដល់ករណីកម្ពុជា ថៃបែរជាប្រើស្តង់ដារពីរ និងបង្កើតលក្ខខណ្ឌស៊ាំញ៉ាំទៅវិញ?

ភាគីថៃបានដឹងច្បាស់ពីការខណ្ឌព្រំដែនសមុទ្ររវាងប្រទេសដែលមានប្រវត្តិសាស្ត្រ និងការទាមទារស្មុគស្មាញ ជាទូទៅអាចស៊ីពេលរាប់ទសវត្សរ៍។ ដោយហេតុថាដឹងច្បាស់ពីចំណុចនេះ ភាគីថៃបានប្រើប្រាស់ប្រធានបទ «កំណត់ព្រំដែនសមុទ្រមុន» ធ្វើជាលេសដើម្បីពន្យារពេលបន្ធូរសម្ពាធនយោបាយក្នុងស្រុកថៃ។

គួររំលឹកថា កាលពីកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) រវាងប្រទេសកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី
ភាគីកម្ពុជាបានបង្ហាញគោលបំណងច្បាស់លាស់ថា កម្ពុជាទាមទារឱ្យមាន ទី១.កិច្ចព្រមព្រៀង ឬក៏សន្ធិសញ្ញាអ្វីមួយពាក់ព័ន្ធនឹងការកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រាយរវាងកម្ពុជា-ថៃ។

ទី២.ក្នុងករណីកម្ពុជាមិនអាចសម្រេច​បាននូវកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាណាមួយស្តីពីការកំណត់ខ្សែព្រំដែនសមុទ្ររួមរវាងកម្ពុជា​និងថៃ នោះ កម្ពុជា នឹងស្នើសុំឱ្យគណៈកម្មការផ្សះផ្សា ជួយសម្របសម្រួលឱ្យភាគីទាំងពីរអាចត្រូវគ្នារកការព្រមព្រៀងគ្នាមួយ ដើម្បីធ្វើអាជីវកម្មរួម និងចែករំលែកគ្នាដោយសមធម៌នូវផលប្រយោជន៍ដែលទាញចេញបានពីធនធាននៅក្រោមបាតសមុទ្រ។

ទី៣.ក្នុងករណីទាំងការព្រមព្រៀងខ្សែបន្ទាត់សមុទ្រព្រំដែនមិនអាចសម្រេចបាន ទាំងការព្រមព្រៀងធ្វើអាជីវកម្មរួមមិនអាចសម្រេចបាន គឺកម្ពុជានឹងស្នើ គណៈកម្មការផ្សះផ្សាឱ្យរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ ដែលអាច ប្រើជាមូលដ្ឋានសម្រាប់ការចរចា នាពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ៕

Share.