ទូក «ង» និងទូកខ្នាតអន្តរជាតិសរុប ១០០ទូក នឹងចូលរួមប្រកួតដណ្ដើមជ័យលាភីក្នុងពិធីប្រណាំងទូកថ្នាក់ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយការប្រកួតនឹងធ្វើឡើងចំនួន ៤ជើង លើផ្លូវទឹកប្រវែង ១.៥០០ម៉ែត្រ ដើម្បីស្វែងរកទូកខ្លាំងជាងគេប្រចាំខេត្ត។

ដើម្បីត្រៀមព្រឹត្តិការណ៍នេះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រណាំងទូកនៅក្រុងកំពង់ចាម បន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្ត។
តាមការបញ្ជាក់របស់អភិបាលខេត្ត ទូកដែលត្រៀមចូលរួមប្រកួតមាន ២ប្រភេទ គឺទូក «ង» ចំនួន ៥២ទូក ស្មើនឹង ២៦គូ និងទូកខ្នាតអន្តរជាតិចំនួន ៤៨ទូក ស្មើនឹង ២៤គូ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ក្នុងឱកាសបុណ្យចេញព្រះវស្សា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការប្រកួតនឹងសម្រេចលទ្ធផលដោយផ្អែកលើការឈ្នះ-ចាញ់ មិនគិតរយៈពេលជានាទីឡើយ នៅជើងទី១ ទូកនឹងចាប់ឆ្នោតជ្រើសរើសខ្សែទឹក និងប្រកួតតាមប្រភេទរបស់ខ្លួន។ ចំណែកជើងទី២ និងទី៣ អ្នកឈ្នះនឹងជួបអ្នកឈ្នះ ខណៈអ្នកចាញ់នឹងជួបអ្នកចាញ់ មុនឈានដល់ជើងទី៤ ដែលជាជើងសម្រេចចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។ មិនត្រឹមតែទូកទទួលបានចំណាត់ថ្នាក់ប៉ុណ្ណោះទេ ទូកដែលមិនជាប់ចំណាត់ថ្នាក់ក៏នឹងទទួលបានទង់កិត្តិយស និងការឧបត្ថម្ភលើកទឹកចិត្តផងដែរ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់៕

អត្ថបទ៖អាចារ្យលាក់

