ភ្នំពេញ៖ ការទិញទំនិញតាមប្រព័ន្ធអនឡាញកំពុងមានការពេញនិយមកាន់តែខ្លាំង ដោយសារភាពងាយស្រួល និងចំណេញពេលវេលា ប៉ុន្តែអ្នកប្រើប្រាស់ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចឆបោករបស់ជនខិលខូចមួយចំនួន ដែលប្រើប្រាស់បណ្តាញសង្គមដើម្បីបោកយកប្រាក់ពីអ្នកទិញ។

ជនឆបោកអាចបង្កើតផេក ឬគណនីក្លែងក្លាយ ដោយបង្ហោះរូបភាពទំនិញដែលមានភាពទាក់ទាញ និងដាក់តម្លៃថោកជាងទីផ្សារខុសធម្មតា ដើម្បីទាក់ទាញអ្នកទិញ បន្ទាប់មក ពួកគេអាចទាមទារឱ្យអ្នកទិញវេរប្រាក់កក់ ឬបង់ប្រាក់ពេញមុនពេលទទួលបានទំនិញ។ នៅពេលទទួលបានប្រាក់ហើយ ជនឆបោកមិនដឹកជញ្ជូនទំនិញតាមការសន្យា ហើយអាចបិទគណនី ឬរារាំងអ្នកទិញមិនឱ្យទាក់ទងបានទៀតផង។

ដើម្បីជៀសវាងការចាញ់បោកជនខិលខូច ប្រជាពលរដ្ឋគួរពិនិត្យប្រវត្តិផេក ឬគណនីអ្នកលក់ ដូចជាកាលបរិច្ឆេទបង្កើតផេក មតិយោបល់ ការវាយតម្លៃពីអតិថិជន និងភាពទៀងទាត់នៃការបង្ហោះព័ត៌មានលក់ទំនិញ។ ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះទំនិញដែលមានតម្លៃថោកខុសធម្មតា និងកុំប្រញាប់ផ្ទេរប្រាក់ទៅគណនីបុគ្គលដែលមិនស្គាល់ច្បាស់ ឬមិនអាចបញ្ជាក់ព័ត៌មានអ្នកលក់បានត្រឹមត្រូវ។

អ្នកប្រើប្រាស់គួរជ្រើសរើសការបង់ប្រាក់នៅពេលទទួលទំនិញ ឬទិញតាមវេទិកាដែលមានប្រព័ន្ធការពារអ្នកទិញ ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ប្រាក់ដោយសារការឆបោក។ ជាមួយគ្នានេះ ប្រជាពលរដ្ឋអាចទាញយកកម្មវិធី Kapea Scams ដើម្បីជួយការពារខ្លួនពីការហៅទូរសព្ទបោកប្រាស់ និងរាយការណ៍ព័ត៌មានបឋមពាក់ព័ន្ធនឹងការឆបោក។

អ្នកប្រើប្រាស់ទូរសព្ទ Android អាចទាញយកកម្មវិធីតាមរយៈ៖https://play.google.com/store/apps/details?id=com.accd.kapeascams ខណៈអ្នកប្រើប្រាស់ iPhone អាចទាញយកតាមរយៈ៖ https://apps.apple.com/kh/app/kapea-scams/id6798943694 សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមលេខទូរសព្ទ 023 726 822។

ដូច្នេះ មុនពេលបញ្ជាទិញ ឬវេរប្រាក់ អ្នកប្រើប្រាស់គួរពិនិត្យព័ត៌មានអ្នកលក់ឱ្យបានច្បាស់លាស់ និងកុំជឿលើការផ្សព្វផ្សាយដែលមានតម្លៃថោកទាក់ទាញពេក ដើម្បីជៀសវាងការខាតបង់ប្រាក់ និងការធ្លាក់ក្នុងអន្ទាក់ឆបោកតាមប្រព័ន្ធអនឡាញ៕

អត្ថបទ៖កណ្តាល

Share.