ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីផ្តល់ពុទ្ធឱវាទ និងអាហារសាមគ្គីដល់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះសង្ឃាធិបតី ធម្មវនវាសី ចន្ទមុនី ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងលោកជំទាវ សុខ វណ្ណា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរជាច្រើនរូប។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អគ្គនាយក បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីពន្ធនាគារ ដែលបានលះបង់កម្លាំងចិត្តខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ចរបស់មន្ត្រី និងលើកទឹកចិត្តចំពោះជនជាប់ឃុំ ក្នុងការកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អមុនពេលធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍វិញ។
ទន្ទឹមនឹងការផ្តល់នូវគោលការណ៍ និងអនុសាសន៍ណែនាំដ៏មានតម្លៃ ដែលជាគន្លឹះប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់ការងារគ្រប់គ្រងពន្ធនាគារ លោកជំទាវ កែ សួនសុភី ស សុខា និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ានបានអញ្ជើញផ្តល់អំណោយ និងអាហារសាមគ្គីដល់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ដោយផ្ទាល់ អំពីស្ថានភាពការងារពន្ធនាគារ និងស្ថានភាពរស់នៅជាក់ស្តែងរបស់ជនជាប់ឃុំ។

សូមជម្រាបជូនថា ពន្ធនាគារខេត្តកំពង់ឆ្នាំងថ្មីនេះ ស្ថិតនៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសាងសង់ថ្មីលើទំហំផ្ទៃដីប្រមាណ ១០ហិចតា បានកសាងសង់រួចរាល់នៅក្នុងអំឡុង ខែធ្នូ ឆ្នាំ២០២១ ហើយបានផ្ទេរជនជាប់ឃុំមកកាន់ពន្ធនាគារថ្មី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣៕



ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ
