ក្រុម​តំណាង​កម្ពុជា ភ្នំពេញ​ក្រោន​ពិត​ជាធ្វើ​បាន​ល្អ​ ក្នុង​ការប្រកួត​ពានរង្វាន់​លំដាប់​ទី​២​នៅ​ទ្វីបអាស៊ី​ គឺ​ AFC​ Champions​ League​ Two​ រដូវកាល ២០២៦-២៧ ដោយ​ឆ្លង​កាត់​ ២ប្រកួត​ ឈ្នះ​ទាំង ២ប្រកួត មាន​ ៦ពិន្ទុពេញ​ឈរកំពូល​តារាង។

ស្រប​ពេល​ក្រុម​តំណាង​កម្ពុជា មួយ​ទៀតគឺ​ព្រះខ័នរាជស្វាយរៀង ​ហាក់​មិន​សូវ​គាប់​ប្រសើរដោយ​ឆ្លង​កាត់​ ២ប្រកួត​ ចាញ់១ និង​ស្មើ​ ១ប្រកួត មាន​ ១ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៣។

ប្រកួត​បន្ទាប់​ភ្នំពេញ​ក្រោន នឹង​ត្រូវ​ជួប Kitchee ហុងកុង នៅទឹក​ដីកម្ពុជា ស្រប​ពេល​ព្រះខ័ន​រាជស្វាយរៀង នឹង​ត្រូវ​ជួប Tampines Rovers នៅទឹក​ដីសិង្ហបុរី ធ្វើ​ការងារ​ធ្ងន់ ដោយ​ត្រូវ​ការ​ឈ្នះ​ចាំបាច់ដើម្បី​មាន​ឱកាសឡើង​ទៅកាន់​វគ្គបន្ត។ សម្រាប់​ការប្រកួត​បិទពូល​របស់​ក្រុម​ទាំង ២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។

ព្រះខ័នរាជស្វាយរៀង នៅពូល G ជាមួយជើងខ្លាំង Machida Zelvia ជប៉ុន Shanghai Shenhua ចិន Tampines Rovers សិង្ហបុរី ខណ: ភ្នំពេញក្រោន នៅ​ពូល H ជាមួយក្រុម​ខ្លាំង Gangwon FC កូរ៉េខាងត្បូង Kitchee ហុងកុង Kuching City ម៉ាឡេស៊ី។

រំលឹក​ថា ឆ្លង​កាត់​មួយប្រកួត​ដូច​គ្នា​ព្រះខ័នរាជស្វាយ​រៀង​ មាន ០ពិន្ទុ បន្ទាប់​ពី​ចាញ់​ក្រុម Machida Zelvia របស់​ជប៉ុន ២-០ វគ្គជម្រុះពូល G ស្រប​ពេល​ភ្នំពេញ​ក្រោន មាន ៣ពិន្ទុ បន្ទាប់​ពី​យក​ឈ្នះ ក្រុម Kuching City របស់​ម៉ាឡេស៊ី ក្នុង​លទ្ធផល ២-១ វគ្គជម្រុះពូល H។

គួរ​បញ្ជាក់ថា បន្ទាប់​ពី​ក្លិប​កម្ពុជា ធ្វើ​បាន​ល្អ សហព័ន្ធកីឡាបាល់ទាត់អាស៊ី​ AFC បាន​ផ្ដល់​កៅអី​កន្លះ​ ១+១ ក្នុង​ពានរង្វាន់​លំដាប់​ទី​២​នៅ​ទ្វីបអាស៊ី​ គឺ​ AFC​ Champions​ League​ Two​ រដូវកាល ២០២៦-២៧៕

Share.