ពោធិ៍សាត់៖ ខណៈជំនន់ទឹកភ្លៀងបន្តកើនឡើងខ្លាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកជំងឺចំនួន ១៥២នាក់ ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ទៅកាន់ទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជា និងចុះពិនិត្យដោយផ្ទាល់ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ប្រតិបត្តិការអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចមន្ទីរពេទ្យបង្អែកស្រុកក្រគរយ៉ាងខ្លាំង ដោយមានការចូលរួមពីកងកម្លាំងកងរាជអាវុធហត្ថ នគរបាល អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ ដើម្បីជម្លៀសអ្នកជំងឺ និងឧបករណ៍សម្ភារៈបរិក្ខារពេទ្យទៅកាន់កន្លែងមានសុវត្ថិភាព កាត់បន្ថយហានិភ័យដែលអាចកើតមានដោយសារការកើនឡើងនៃទឹកជំនន់។

អ្នកជំងឺទាំង ១៥២នាក់ ត្រូវបានផ្លាស់ទីទៅកាន់ទីតាំងសុវត្ថិភាពជាបណ្តោះអាសន្ន រួមមានសាលាស្រុកក្រគរ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ដើម្បីបន្តទទួលបានការស្នាក់នៅ ការថែទាំ និងការព្យាបាលពីក្រុមគ្រូពេទ្យ។ ទន្ទឹមនឹងនេះ ការជម្លៀសឧបករណ៍ និងសម្ភារៈពេទ្យក៏ជាផ្នែកសំខាន់មួយក្នុងការរក្សាលទ្ធភាពបន្តផ្តល់សេវាថែទាំសុខភាពក្នុងស្ថានភាពអាសន្ន។ ក្រៅពីការជួយអន្តរាគមន៍នៅមន្ទីរពេទ្យ អភិបាលខេត្តពោធិ៍សាត់ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ប្រឈមនឹងទឹកជំនន់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារភ្លៀងនៅតំបន់ផ្នែកខាងលើនៅតែបន្តធ្លាក់ ហើយអាចធ្វើឱ្យទឹកហូរចុះមកតំបន់ខាងក្រោមបន្ថែមទៀត។

ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំកុមារតូចៗ និងមនុស្សចាស់ ព្រមទាំងប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសដែលអាចបង្កគ្រោះថ្នាក់ក្នុងពេលទឹកជំនន់។ ជាមួយគ្នានេះ ត្រូវរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។ ប្រសិនបើមានអាសន្ន ឬបញ្ហាសុខភាព ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬទាក់ទងក្រុមគ្រូពេទ្យជាបន្ទាន់។

សូមបញ្ជាក់ថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កជាជំនន់ទឹកភ្លៀងជាថ្មីនៅស្រុកក្រគរ បណ្តាលឱ្យលិចលង់ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន នៅតំបន់ផ្នែកខាងលើ និងខាងក្រោមទីរួមស្រុក ក្នុងឃុំក្បាលត្រាច ឃុំអន្លង់ត្នោត និងឃុំកំពង់លួង។

ស្របពេលភ្លៀងនៅផ្នែកខាងលើនៅតែបន្តធ្លាក់ ស្ថានភាពនេះទាមទារឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងតាមដានការជូនដំណឹងរបស់អាជ្ញាធរជាប្រចាំ ដើម្បីត្រៀមឆ្លើយតបចំពោះការប្រែប្រួលនៃស្ថានភាពទឹក និងការពារសុវត្ថិភាពរបស់ខ្លួននិងក្រុមគ្រួសារ៕
អត្ថបទ៖ពោធិ៍សាត់

