ទស្សនៈស្មេរ៖ ផ្លូវជាតិលេខ១ គឺជាផ្លូវសំខាន់មួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ខណៈកំណាត់ផ្លូវចាប់ពីវត្តវាលស្បូវ ដល់ស្តុបកោះនរា គឺជាតំបន់ដែលមានសកម្មភាពរស់រវើក ព្រោះ​មាន​បុរី លំនៅដ្ឋាន ទីតាំង​អាជីវកម្ម ពាណិជ្ជកម្ម និងចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលព្រឹក កំណាត់ផ្លូវនេះតែងមានសភាពកកស្ទះស្ទើររាល់ថ្ងៃ ដែលជាហេតុធ្វើឱ្យអ្នកធ្វើដំណើរត្រូវចំណាយពេលច្រើនជាងធម្មតា រហូតដល់​ទៅជាង១ម៉ោង។

តាមទិដ្ឋភាពដែលអាចមើលឃើញជាក់ស្តែង រថយន្ត និងម៉ូតូមានចំនួនច្រើនលើសលប់បានប្រមូលផ្តុំគ្នាសំរុកចូលក្នុងក្រុង បើកចូលតាម ច្រកត្រង់ខ្លះ ច្រកវៀងខ្លះ ច្រកកាត់ខ្លះ បើទោះជា​មាន​ការ​បង្កើតផ្លូវ ស្ពាន ដើម្បីសម្រួល​ចរន្តធ្វើ​ដំណើរ​ឱ្យ​បា​នរលូន​ក្ដី។
ស្ថិតក្នុងដំណើរយឺតៗ ដោយមាន ចំណុចខ្លះ ម៉ូតូត្រូវធ្វើដំណើរប្រជ្រៀតតាមចន្លោះរថយន្ត ដើម្បីបន្តដំណើរទៅមុខឱ្យបានលឿន និងទាន់ពេលវេលាបំពេញការងាររបស់ខ្លួន។ សម្រាប់អ្នកដែលធ្វើដំណើរតាមកំណាត់ផ្លូវនេះជាប្រចាំ ស្ថានភាពបែបនេះប្រហែលមិនមែនជារឿងចម្លែកទៀតឡើយ ព្រោះ​វាបាន​ក្លាយជា​សកម្មភាព​មួយ​ស៊ាំភ្នែក​របស់មនុស្សទៅហើយ។

ប៉ុន្តែបញ្ហានេះមិនគួរត្រូវបានមើលត្រឹមថា «ផ្លូវស្ទះ» ហើយបញ្ចប់ត្រឹមហ្នឹងទេ។ ផ្ទុយទៅវិញ វាអាចជាចំណុចមួយដែលគួរឱ្យយើងងាកមកគិតបន្ថែមថា នៅពេលទីក្រុងកាន់តែរីកធំ ចំនួនប្រជាពលរដ្ឋ និងយានយន្តកាន់តែកើនឡើងជាលំដាប់ តើយើងគួររៀបចំប្រព័ន្ធចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងដូចម្តេច ដើម្បីឱ្យអាចឆ្លើយតបទៅនឹងការរីកចម្រើននោះបាន?

ការកកស្ទះចរាចរណ៍ប្រចាំថ្ងៃ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋខាតពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់ការងារ អាជីវកម្ម ការដឹកជញ្ជូន ការសិក្សារបស់ប្អូនៗ និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ដោយអ្នកខ្លះត្រូវចេញពីផ្ទះមុនពេលធម្មតា ដើម្បីទុកពេលសម្រាប់ការកកស្ទះ ខណៈអ្នកខ្លះទៀតត្រូវចំណាយពេលយូរនៅលើដងផ្លូវ ទោះបីចម្ងាយទៅកាន់គោលដៅមិនឆ្ងាយក៏ដោយ។

ទោះជាយ៉ាងណា ប្រសិនបើយើងមើលបញ្ហាទាំងនេះមួយជ្រុងទៀត ការកកស្ទះក៏អាចជាសញ្ញាមួយបង្ហាញពីការរីកចម្រើននៃតំបន់ និងការកើនឡើងនៃសកម្មភាពរស់នៅ និងសេដ្ឋកិច្ចផងដែរ ទើបធ្វើឱ្យមានប្រជាពលរដ្ឋកាន់តែច្រើន មានលំនៅឋាន និងអាជីវកម្មកាន់តែច្រើន ហើយយានយន្តក៏កាន់តែច្រើនបែបនេះ។ ដូច្នេះ បញ្ហាដែលយើងកំពុងឃើញនៅលើដងផ្លូវ ក៏អាចជាបញ្ហាដែលគួរត្រូវបានគិតទុកជាមុនសម្រាប់ការអភិវឌ្ឍនៅថ្ងៃខាងមុខ។

យ៉ាងណាមិញ ការដោះស្រាយបញ្ហាចរាចរណ៍ មិនមែនជាការងាររបស់ស្ថាប័នតែមួយនោះទេ ពោលគឺវាត្រូវការការចូលរួមពីអាជ្ញាធរ អ្នករៀបចំផែនការទីក្រុង អ្នកអនុវត្តច្បាប់ និងអ្នកប្រើប្រាស់ផ្លូវផ្ទាល់តែម្តង។ ប្រសិនបើភាគីពាក់ព័ន្ធទាំងនោះអាចរួមគ្នាមើលបញ្ហាជាប្រព័ន្ធ និងគិតពីទិសដៅរយៈពេលវែង នោះការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏អាចកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។

មួយវិញទៀត ការដោះស្រាយបញ្ហាចរាចរណ៍ មិនគួរគិតខ្លី ត្រឹមតែពីការសម្រួលចរាចរណ៍នៅពេលផ្លូវកំពុងស្ទះដោយមន្ត្រីនគរបាលចរាចរណ៍នោះទេ ការសម្រួលភ្លាមៗនៅចំពោះមុខបញ្ហាពិតជាមានសារៈសំខាន់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺការសិក្សាឱ្យបានច្បាស់ថា ហេតុអ្វីបានជាកំណាត់ផ្លូវនេះមានការកកស្ទះជាញឹកញាប់? តើព្រោះ​តែ​ការ​បើកបរមិនគោរពច្បាប់ ទម្លាប់ឬយ៉ាងណា? តើបញ្ហាស្ថិតនៅត្រង់ស្តុប ឬចំណុចប្រសព្វមែនទេ? តើច្រកចូល-ចេញពីលំនៅឋាន និងទីតាំងអាជីវកម្មមានឥទ្ធិពលរាំងស្ទះដល់លំហូរចរាចរណ៍ដែរទេ? តើការឈប់ចតយានយន្តនៅតាមដងផ្លូវអាចជាផ្នែកមួយនៃបញ្ហាដែរឬទេ? ឬមួយទៀត គឺបរិមាណយានយន្តនៅម៉ោងជាក់លាក់មានចំនួនច្រើនលើសសមត្ថភាពដែលផ្លូវអាចទទួលបាន?

ការសិក្សាឱ្យបានច្បាស់ពីមូលហេតុទាំងនេះ អាចជួយឱ្យការរៀបចំដំណោះស្រាយមានភាពចំគោលដៅជាងមុន។ ជាឧទាហរណ៍ ការសិក្សាលំហូរចរាចរណ៍តាមម៉ោង ជាពិសេសនៅពេលព្រឹក និងម៉ោងដែលមានការកកស្ទះខ្លាំង អាចជួយកំណត់ថា តើចំណុចណាខ្លះជាចំណុចសំខាន់ដែលធ្វើឱ្យលំហូរយានយន្តយឺត មួយវិញទៀត ការរៀបចំស្តុប និងចំណុចប្រសព្វឱ្យសមស្របទៅនឹងបរិមាណយានយន្តនៅពេលជាក់លាក់ ការរៀបចំច្រកចូល-ចេញពីទីតាំងអាជីវកម្ម និងលំនៅឋាន ការគ្រប់គ្រងការឈប់ចតដែលអាចរាំងស្ទះផ្លូវ និងការរៀបចំគន្លងចរាចរណ៍ឱ្យកាន់តែច្បាស់ ក៏អាចជាចំណុចដែលគួរយកមកសិក្សា និងពិចារណាផងដែរ។

អ្វីដែលសំខាន់មួយទៀត គឺការគិតគូរពីផែនការរយៈពេលវែង ប្រសិនបើតំបន់នេះនឹងបន្តមានការអភិវឌ្ឍ មានលំនៅឋានកាន់តែច្រើន មានអាជីវកម្មកាន់តែច្រើន និងមានយានយន្តកាន់តែច្រើន តើយើងគួររៀបចំប្រព័ន្ធចរាចរណ៍យ៉ាងដូចម្តេច ដើម្បីកុំឱ្យបញ្ហាដែលកំពុងមាននៅថ្ងៃនេះ ក្លាយជាបញ្ហាធ្ងន់ជាងនេះនៅថ្ងៃស្អែក ឬ ថ្ងៃខាងមុខ?

ប្រហែលជានេះជាចំណុចដែលស្ថាប័នជំនាញ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ផ្លូវ រួមគ្នាពិចារណា និងស្វែងយល់បន្ថែម ព្រោះការគ្រប់គ្រងចរាចរណ៍មិនមែនជារឿងដែលអាចដោះស្រាយបានត្រឹមតែការសម្រួលនៅពេលផ្លូវស្ទះនោះទេ ប៉ុន្តែត្រូវការការគិតគូរពីការរៀបចំទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ លំហូរយានយន្ត និងឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវផងដែរ។

ជាការពិត ការគ្រប់គ្រងចរាចរណ៍នៅក្នុងទីក្រុងមួយ មិនមែនជារឿងងាយស្រួលឡើយ។ វាពាក់ព័ន្ធនឹងកត្តាជាច្រើន ហើយមិនអាចដោះស្រាយបានដោយវិធានការតែមួយឡើយ។ ដូច្នេះ ទស្សនៈនេះមិនមានបំណងរិះគន់ចំពោះការងាររបស់ស្ថាប័ន ឬអាជ្ញាធរណាមួយទេ ប៉ុន្តែគ្រាន់តែជាការចែករំលែកមតិពីទិដ្ឋភាពដែលអ្នកធ្វើដំណើរជួបប្រទះជារៀងរាល់ថ្ងៃ ដើម្បីជាគំនិតមួយសម្រាប់ពិចារណា សិក្សា និងស្វែងរកដំណោះស្រាយដែលសមស្របទៅនឹងការរីកចម្រើនរបស់តំបន់។

ព្រោះនៅទីបំផុត គោលដៅមិនមែនគ្រាន់តែចង់ឱ្យ «ផ្លូវមិនស្ទះ» នៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែគួរគិតឱ្យបានឆ្ងាយថា តើធ្វើដូចម្តេចដើម្បីឱ្យការអភិវឌ្ឍទីក្រុង និងប្រព័ន្ធចរាចរណ៍អាចដើរទន្ទឹមគ្នា។ ប្រសិនបើការរីកចម្រើននៃទីក្រុងអាចដើរទៅមុខជាមួយការរៀបចំចរាចរណ៍ដែលមានប្រសិទ្ធភាព នោះប្រជាពលរដ្ឋក៏អាចធ្វើដំណើរបានកាន់តែងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពកាន់តែប្រសើរ។

នេះគ្រាន់តែជាទស្សនៈរបស់ស្មេរ និងជាគំនិតមួយសម្រាប់ពិចារណា និងស្វែងយល់ប៉ុណ្ណោះ។ ប៉ុន្តែប្រហែលជាការកកស្ទះដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ ក៏អាចជាឱកាសមួយឱ្យយើងចាប់ផ្តើមគិតពីសំណួរដែលធំជាងនេះ៖ តើយើងអាចរៀបចំចរាចរណ៍ថ្ងៃនេះយ៉ាងដូចម្តេច ដើម្បីឱ្យការធ្វើដំណើរនៅថ្ងៃអនាគតកាន់តែរលូន?

ប្រសិនបើប្រិយមិត្តមានបទវិភាគ អត្ថបទទស្សនៈ ឬមតិស្ថាបនាជុំវិញបញ្ហាសង្គម និងការកែ​លម្អ​សេវា​សាធារណៈ សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់សារព័ត៌មាន ត្រយង តាមរយៈ Telegram៖ 099 588 880 ទំនាក់ទំនងទូរស័ព្ទ៖ 066 999 434 ឬទំព័រហ្វេសប៊ុកផ្លូវការ Troryorng News។ យើងខ្ញុំរង់ចាំទទួល និង​សហការ​ផ្សព្វផ្សាយរាល់ទស្សនៈស្ថាបនាដើម្បីសង្គមយើង!

Share.