ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០ លានដុល្លារអាមេរិក ដែលអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧ ពាន់កន្លែង ក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន ២៣ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៤៣៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១១ ពាន់កន្លែង។ ដោយឡែក គម្រោងដែលបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ១៣ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៦ ពាន់កន្លែង។

ប្រភពដដែលបានគូសបញ្ជាក់ថា សកម្មភាពវិនិយោគក្នុងរយៈពេល ៩ ខែ នៃឆ្នាំ២០២៦ នេះ នៅតែបន្តផ្តោតសំខាន់លើវិស័យឧស្សាហកម្ម ខណៈវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ មាននិន្នាការកើនឡើង។ ក្នុងនោះ ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមានទំហំធំជាងគេគឺ ២៥៨ លានដុល្លារ បន្ទាប់មកគឺវិស័យឧស្សាហកម្មមាន ១៧២ លានដុល្លារ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមាន ២៩ លានដុល្លារ ចំណែកឯ វិស័យទេសចរណ៍មាន ១១ លានដុល្លារអាមេរិក។

ចំពោះប្រភពទុនវិនិយោគលេចធ្លោជាងគេ គឺបានមកពីអ្នកវិនិយោគក្នុងស្រុក (កម្ពុជា) ដែលក្តោបក្តាប់រហូតដល់ ៥៧,៨០% នៃទុនវិនិយោគសរុប តាមពីរក្រោយដោយប្រទេសចិន ២៨,៦៦% ម៉ាឡេស៊ី ៦,៥២% វៀតណាម ៦,២៥% សារធារណរដ្ឋកូរ៉េ ០,៤៥% និងជប៉ុន ០,៣២%។

ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ មានគម្រោងលេចធ្លោមួយចំនួនត្រូវបានកត់សម្គាល់ រួមមាន៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មនទំហំទុន ២៩ លានដុល្លារ, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៥០ មេហ្គាវ៉ាត់ និង ៣០ មេហ្គាវ៉ាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទំហំទុនសរុប ២៥៨ លានដុល្លារ, ព្រមទាំងគម្រោងបង្កើតរោងចក្រផលិតកៅស៊ូទ្រនាប់សំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស UBE នៅស្រុកស្ទឹងត្រង់ ខេត្តក្រចេះ ក្នុងទុន ២០ លានដុល្លារអាមេរិកផងដែរ។

សញ្ញាណនេះបានបង្ហាញពីការបន្តធ្វើពិពិធកម្មសកម្មភាពវិនិយោគនៅកម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់វិនិយោគិនមកលើបរិស្ថានវិនិយោគនៅកម្ពុជាយ៉ាងរឹងមាំ៕

Share.