ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ជា សាភា អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីគាស់ទ្វារតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ លួចយកគ្រឿងអលង្ការដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារអាមេរិក។

តាមព័ត៌មាននៃសំណុំរឿង ករណីនេះបានកើតឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២៖៣០នាទីរំលងអធ្រាត្រ នៅតូបលេខ៩៣ ផ្សារចាស់ តាមបណ្តោយផ្លូវលេខ១០៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់តូបឈ្មោះ សុន ចាន់គឹមអាន ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សាភា នៅចំណុចមុខផ្សារឯករាជ្យ៣ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីការស៊ើបសួរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ម១ ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ទូរស័ព្ទដៃម៉ាក iPhone ពណ៌ខៀវ ចំនួន១គ្រឿង ខ្សែដៃលោហៈពណ៌លឿងចម្រុះចំនួន១០៥ខ្សែ ខ្សែកលោហៈពណ៌លឿងចំនួន៧៨ខ្សែ កងដៃលោហៈពណ៌លឿងចំនួន១២៩កង ខ្សែកលោហៈពណ៌លឿងមានត្បូងចំនួន៧០ខ្សែ ខ្សែកលោហៈពណ៌សចំនួន៦ខ្សែ ខ្សែកអង្កាំពណ៌ខៀវចំនួន២ខ្សែ ចិញ្ចៀនចំនួន១៦វង់ និងបណ្តោងត្បូងពណ៌សចំនួន៣។

តាមព័ត៌មានដែលបានបញ្ជាក់ សម្ភារៈគ្រឿងអលង្ការដែលសមត្ថកិច្ចដកហូតបាន ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ។ ករណីនេះបង្ហាញពីចំណាត់ការរបស់សមត្ថកិច្ច និងតុលាការលើបទល្មើសលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈជនត្រូវចោទត្រូវបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ៖ចតុម្មុខ

