សហភាពអឺរ៉ុបបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការសម្រេចចិត្តរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមជាមួយប្រទេសជាង៦០ ជុំវិញពិភពលោក ដើម្បីគាំទ្រការប្តេជ្ញាចិត្តជាអន្តរជាតិមួយ ក្នុងការការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងប្រឆាំងដាច់ខាតចំពោះការកំណត់ថ្លៃសេវា កម្រៃជើងសារ ឬវិធានការរើសអើងដោយខុសច្បាប់នៅតាមផ្លូវទឹកអន្តរជាតិ។ តាមរយៈការប្រកាសផ្លូវការ សហភាពអឺរ៉ុបបានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចប្តេជ្ញាចិត្តសកលក្រោមប្រធានបទ «មិនយកកម្រៃ មិនយកថ្លៃសេវា» (No Fees, No Tolls) នេះ គឺជាការបញ្ជាក់ឡើងវិញនូវកាតព្វកិច្ច និងឆន្ទៈយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសណ្តាប់ធ្នាប់សមុទ្របើកចំហ ដែលត្រូវបានគ្រប់គ្រង និងធានាដោយច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

កិច្ចប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រនេះ ត្រូវបានប្រកាសឡើងកាលពីថ្ងៃទី១២ ខែតុលា ដោយលោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកៀងគរការគាំទ្រជាអន្តរជាតិ រួមទាំងក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញាកន្លងទៅផងដែរ។ ការទទួលបានការគាំទ្រពីប្រទេសភាគីជាង ៦០ប្រទេស រួមទាំងកម្ពុជា និងរដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយល់ព្រមគ្នាជាឯកច្ឆន្ទអន្តរជាតិដ៏រឹងមាំ អំពីសារសំខាន់នៃការការពារការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រពីការកម្រិតខុសច្បាប់ និងវិធានការឯកតោភាគីផ្សេងៗ។

លោក Igor Driesmans ប្រមុខបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា

ទាក់ទិននឹងព្រឹត្តិការណ៍នេះ លោក Igor Driesmans ប្រមុខបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា បានស្វាគមន៍ចំពោះការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា នេះជាសក្សីភាពបង្ហាញពីគោលការណ៍រួមគ្នាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ។ លោក Driesmans បានថ្លែងបន្ថែមថា ការសម្រេចចិត្តរបស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ហើយលើសពីនេះ កិច្ចប្តេជ្ញាចិត្តនេះបង្ហាញយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិប្រឆាំងដាច់ខាតចំពោះវិធានការរើសអើង ការកំណត់ថ្លៃសេវា ឬកម្រៃថ្មីៗនៅតាមផ្លូវទឹកអន្តរជាតិ ដោយឈរឈ្មោះក្នុងធ្លុងសាមគ្គីភាពតែមួយ ដើម្បីសមុទ្រសេរី និងបើកចំហ។

តាមការវាយតម្លៃរបស់សហភាពអឺរ៉ុប ច្រកសមុទ្រអន្តរជាតិដែលប្រើប្រាស់សម្រាប់នាវាចរណ៍ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចសកល។ ការរំខានណាមួយដល់ខ្សែផ្លូវដឹកជញ្ជូនទាំងនេះ មិនថា តាមរយៈការបិទច្រក ឬការទារកម្រៃឆ្លងកាត់ដោយខុសច្បាប់ នឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ធរដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចពិភពលោកទាំងមូល។ កិច្ចប្តេជ្ញាចិត្តនេះ បានសង្កត់ធ្ងន់លើភាពជាបទដ្ឋានសកល និងឯកភាពគ្នានៃអនុសញ្ញា UNCLOS ដោយចាត់ទុកអនុសញ្ញានេះជាក្របខ័ណ្ឌច្បាប់ដ៏ចម្បងដែលគ្រប់គ្រងសកម្មភាពទាំងអស់នៅលើផ្ទៃសមុទ្រ និងមហាសមុទ្រ ព្រមទាំងបានព្រមានថា ការដាក់ចេញនូវការកម្រិត វិធានការរើសអើង ឬឧបសគ្គផ្សេងៗ ចំពោះការឆ្លងកាត់ដោយស្របច្បាប់នៅតាមផ្លូវទឹកដែលមានសារសំខាន់ជាយុទ្ធសាស្ត្រនឹងបង្កើតឱ្យមានទម្លាប់អាក្រក់ដ៏គ្រោះថ្នាក់ ដែលអាចប្រឈមនឹងការបំផ្លាញពាណិជ្ជកម្មអន្តរជាតិ លំហូរថាមពល សន្តិសុខស្បៀង និងសន្តិសុខនាវាចរណ៍សកល។

ក្រោមគំនិតផ្តួចផ្តើមនេះ ប្រទេសភាគីទាំងអស់បានប្តេជ្ញាចិត្តលើគោលដៅស្នូលចំនួនបី រួមមាន៖ ១)ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីតាមរយៈស្ថាប័នតំបន់ និងអន្តរជាតិទទួលបន្ទុកការគ្រប់គ្រងសមុទ្រ ជាពិសេសអង្គការនាវាចរណ៍អន្តរជាតិ (IMO) ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមពហុភាគីក្នុងន័យការពារ និងមិនបង្កជម្លោះ ដើម្បីថែរក្សាសេរីភាពនៃការនាវាចរណ៍។
២) ការបដិសេធរាល់សកម្មភាពឯកតោភាគី ឬការបង្ខិតបង្ខំទាំងឡាយណាដែលប៉ងបំផ្លាញសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ ដូចមានចែងក្នុងអនុសញ្ញា UNCLOS។
៣) ការប្រឆាំងដាច់ខាតចំពោះការទារកម្រៃ ការកំណត់ថ្លៃសេវាខុសច្បាប់ ការរឹតត្បិតបែប រើសអើង តម្រូវការសុំការអនុញ្ញាតមុន ឬលក្ខខណ្ឌផ្សេងៗដែលរាំងស្ទះដល់ការឆ្លងកាត់ដោយស្របច្បាប់តាមច្រកសមុទ្រអន្តរជាតិ។

បន្ថែមពីលើនេះ កិច្ចប្តេជ្ញាចិត្តបានសង្កត់ធ្ងន់ថា គ្មានរដ្ឋណាមួយមានសិទ្ធិដាក់កំហិតបែប រើសអើងលើនាវាដែលឆ្លងកាត់ផ្លូវទឹកអន្តរជាតិ ក្នុងរូបភាពដែលផ្ទុយនឹងច្បាប់អន្តរជាតិនោះឡើយ។ ការចូលរួមរបស់កម្ពុជានាពេលនេះ បានស្តែងឱ្យឃើញពីការឈរជើងយ៉ាងរឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា អមជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុប និងដៃគូអន្តរជាតិនានា ក្នុងការបញ្ជាក់ឡើងវិញនូវការគាំទ្រចំពោះគោលការណ៍សមុទ្រជាបទដ្ឋាន និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់៕

ប្រភព៖ Eeas.europa

Share.