ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីប្រព័ន្ធតាមដានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានកត់សម្គាល់ឃើញថា ករណីជំងឺផ្តាសាយកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ គឺជាក្រុមដែលងាយរងការវាយប្រហារខ្លាំងជាងគេ។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ជំងឺផ្តាសាយនេះអាចឆ្លងរាលដាលយ៉ាងងាយស្រួល តាមរយៈដំណក់ទឹកតូចៗចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ ព្រមទាំងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃផ្សេងៗដែលមានមេរោគ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការសុខាភិបាលសំខាន់ៗដូចខាងក្រោម៖

១.អនាម័យដៃ និងផ្លូវដង្ហើម៖ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ជាពិសេសមុនពេលបរិភោគអាហារ។ ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកន្សែង ផ្នត់កែងដៃ ឬក្រដាសអនាម័យនៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងចៀសវាងការខាកស្តោះពាសវាលពាសកាល។

២.ការពាក់ម៉ាស និងរក្សាគម្លាត៖ ពាក់ម៉ាសការពារនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើម ហើយចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានអាការៈផ្តាសាយ។

៣.ការថែទាំសុខភាពនៅផ្ទះ៖ ប្រសិនបើមានអាការៈមិនស្រួលខ្លួន គួរសម្រាកនៅផ្ទះ ញ៉ាំទឹកស្អាតឱ្យបានច្រើន បរិភោគអាហារចម្អិនឆ្អិនល្អ មានជីវជាតិ និងហាត់ប្រាណជាប្រចាំ ដើម្បីពង្រឹងភាពស៊ាំ។

៤.ផ្អាកការជួបជុំ ឬធ្វើដំណើរ៖ ផ្អាកការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ហើយត្រូវប្រញាប់ទៅពិនិត្យព្យាបាល។

៥.ការចាក់វ៉ាក់សាំង៖ ក្រុមមនុស្សងាយរងគ្រោះ គួរពិចារណាទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។

ក្រសួងសុខាភិបាលបានគូសបញ្ជាក់បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញាសង្ស័យដូចជា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា ឬអាចទាក់ទងមកកាន់លេខទូរសព្ទ Hotline ១១៥ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការណែនាំបន្ថែម៕

Share.