ភ្នំពេញ៖ បន្ទាប់ពីកម្មវិធី 101 East របស់សារព័ត៌មានអន្តរជាតិ Al Jazeera បានចេញផ្សាយវីដេអូភាពយន្តស៊ើបអង្កេតស្តីពីឧក្រិដ្ឋកម្មឆបោកអនឡាញ ដោយបានវាយប្រហារចំៗមកលើប្រទេសកម្ពុជាជុំវិញគម្រោង Long Bay តារាសាគរ ក្នុងខេត្តកោះកុង អ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់បានបង្ហាញទស្សនៈផ្សេងៗគ្នា ដោយក្នុងនោះមានការចាត់ទុកថាជាចេតនាបង្កប់ន័យនយោបាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ខណៈរាជរដ្ឋាភិបាលធ្លាប់បានប្រកាសរួចហើយថា កម្ពុជាគ្មានអគារសម្រាប់ធ្វើសកម្មភាពឆបោកអនឡាញបន្តទៀតទេ។

ជុំវិញបញ្ហានេះ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ ស២ បានលើកឡើងថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតរឿងល្បែងស៊ីសង និងការឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជាដោយគ្មានការយោគយល់ឡើយ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ដោយឡែកនៅតំបន់តារាសាគរ គឺត្រូវបានបោសសម្អាតរួចរាល់អស់ហើយ មិនមានអ្នកធ្វើការឆបោក ឬក្រុម Scammers និង Scam Online រស់នៅទៅនោះឡើយ»។

ទាក់ទងនឹងបុគ្គលឈ្មោះ Deng Pibing ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ ឯកឧត្តម សុខ ប្រសិទ្ធិ បានគូសបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបាននិងកំពុងស្រាវជ្រាវស៊ើបអង្កេតលើសកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ខេត្តកោះកុង។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បុគ្គលរូបនេះបានចាកចេញពីប្រទេសកម្ពុជាតាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦ មកម្ល៉េះ។ ម្យ៉ាងវិញទៀត តាមប្រភពព័ត៌មានជំនាញបានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះ គឺត្រូវបានអង្គការនគរបាលអន្តរជាតិដាក់ចេញនូវនិវេទក្រហម រួចតាំងពីពេលមុនមកម្ល៉េះ។

ឯកឧត្តមបានបន្ថែមថា ៖ «អ្វីដែលខ្ញុំមិនយល់ថា តើកាសែតមួយនេះមានបំណងអ្វីឱ្យប្រាកដ និងធ្វើដើម្បីអ្វី ហើយសំដៅទម្លាក់កំហុសគ្រប់រឿងមកកម្ពុជា? ហើយតើនរណាជាអ្នកនៅពីក្រោយឆាកធំបំផុតនៃរឿងនេះ?»។

ចំណែកឯ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកវីដេអូភាពយន្តស៊ើបអង្កេតរបស់ Al Jazeera នេះថា ជាការចងក្រងនិងបូកសរុបឡើងវិញនូវប្រតិបត្តិការចាស់ៗ ដែលអាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានបង្ក្រាបរួចជាស្រេចទៅហើយ។

លោកបណ្ឌិតបានអះអាងថា វីដេអូនោះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកម្ពុជាកន្លងមក ដូចជាការត្រួតពិនិត្យរដ្ឋបាល ការគ្រប់គ្រងស៊ីមកាត និងកិច្ចប្រតិបត្តិការបង្ក្រាបលើទីតាំងដែលមានភស្តុតាងពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសមត្ថកិច្ចបានទប់ស្កាត់និងបង្ក្រាបបានសម្រេចជាស្ថាពរតាំងពីពេលមុនៗមកម្ល៉េះ ព្រមទាំងត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចស្រេចទៅហើយដែរ៕

Share.