(ភ្នំពេញ)៖ ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនៅឯក្រៅប្រទេស និងចូលរួមកិច្ចប្រជុំកំពូល CICA នៅ អាស៊ីកណ្ដាល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា លោក អ៊ុំ សំអាន នៅតែបន្តលើកឡើងដដែលៗតាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និងលេខ ៥៩។
សម្តេចធិបតីហ៊ុន ម៉ាណែតតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ទោះបីជាការចោទប្រកាន់ថារាជរដ្ឋាភិបាល «កាត់ដីឱ្យថៃ» គ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់ និងជាការបង្កើតលក្ខខណ្ឌគេចវេសយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែរក្សាជំហរ «ទ្វារមិនទាន់បិទឡើយ» ដើម្បីផ្តល់ឱកាសឱ្យមានការជជែកដេញដោល និងផ្ទៀងផ្ទាត់គ្នាដោយតម្លាភាព ព្រមទាំងដើម្បីកុំឱ្យសាធារណជនមានការមន្ទិលសង្ស័យ។
សម្តេចបញ្ជាក់ថា ក្នុងករណីដែលលោក អ៊ុំ សំអាន «ខ្លាចមិនហ៊ានមកផ្ទាល់» រាជរដ្ឋាភិបាលបានសម្រេចផ្តល់នូវ ជម្រើសបន្ថែមមួយទៀត ដូចខាងក្រោម៖
- ការចាត់តាំងតំណាង៖ លោក អ៊ុំ សំអាន អាចចាត់តាំងតំណាង ឬក្រុមតំណាង (មិនថាមកពីក្រៅប្រទេស ឬនៅក្នុងប្រទេសកម្ពុជា) ឱ្យចូលរួមជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ដោយរាជរដ្ឋាភិបាលធានាជូននូវសុវត្ថិភាពពេញលេញដូចគ្នា។
- លក្ខខណ្ឌសម្រាប់តំណាង៖ ១. ត្រូវប្រគល់សិទ្ធិពេញលេញដល់ក្រុមតំណាងក្នុងការជជែក និងផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែន។ ២. ត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលមានពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់។ ៣. ត្រូវទទួលស្គាល់រាល់ខ្លឹមសារដែលតំណាងរបស់ខ្លួនបានលើកយកមកជជែកផ្ទៀងផ្ទាត់។ ៤. ត្រូវទទួលស្គាល់នូវលទ្ធផលផ្លូវការនៃការជជែកផ្ទៀងផ្ទាត់នោះ។
បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល មិនថាលោក អ៊ុំ សំអាន ដឹកនាំក្រុមមកដោយខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដោះសារ ព្រោះមានការធានារ៉ាប់រងសុវត្ថិភាពរួចជាស្រេច) ឬបញ្ជូនតំណាងមកនោះទេ គឺសុទ្ធតែត្រូវបានស្វាគមន៍ទាំងអស់។ ការធានាសុវត្ថិភាពគឺនៅតែមានតម្លៃដើមដដែល។
រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន នឹងហ៊ានសម្រេចចិត្តយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗក្នុងពេលឆាប់ៗ ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ដោយមិនបង្កើតហេតុផល ឬរកលេសគេចវេសបន្តទៀតឡើយ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលមានភារកិច្ចជាច្រើនទៀតដែលត្រូវបម្រើជាតិ និងប្រជាជន រួមទាំងកិច្ចការព្រំដែនជាមួយប្រទេសថៃ។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ទុកពេល និងឱកាសឱ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាជាមួយភាគីថៃដោយការទទួលខុសត្រូវ ក្នុងដំណាក់កាលដែលបញ្ហានេះនៅមានភាពស្មុគស្មាញ ជាជាងការឆ្លើយឆ្លងគ្នារវាងខ្មែរនិងខ្មែរ ដែលការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃ គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរហួសហេតុ និងមិនអាចទទួលយកបាន៕



