បាងកក៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបានធ្លាក់ពីលើរានហាល ជាន់ទី ៨ នៃខុនដូមួយកន្លែង ស្ថិតក្នុងតំបន់ រ៉ាមា ២ ទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា កន្លងទៅនេះ នៅពេលដែលម្តាយរបស់គេយកសម្លៀកបំពាក់ទៅបោកនៅហាងបោកអ៊ុតក្បែរនោះ។

យោងតាមការបញ្ជាក់ពីនគរបាលប៉ុស្តិ៍ ថាខាំ បានឱ្យដឹងថា ក្រោយទទួលបានការរាយការណ៍ក្រុមអ្នកស៊ើបអង្កេតបានចុះទៅដល់ទីតាំងកើតហេតុ ដោយមានការរួមដំណើរពីក្រុមសង្គ្រោះបន្ទាន់នៃមូលនិធិ ពោធិ៍តេកតឹង , មន្ត្រីកោសល្យវិច័យ និងគ្រូពេទ្យមកពីមន្ទីរពេទ្យ សិរិរាជផងដែរ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញរាងកាយកុមាររងគ្រោះធ្លាក់មកលើចំណតរថយន្ត ក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ ត្រង់បរិវេណក្បាល និងបាក់ដៃជើង។ ទោះបីជាក្រុមសង្គ្រោះបន្ទាន់បានខិតខំប្រឹងប្រែងធ្វើចលនាបេះដូង (CPR) ជួយសង្គ្រោះភ្លាមៗយ៉ាងណាក៏ដោយ ក៏កុមារតូចរូបនេះបានបាត់បង់ជីវិតនៅកន្លែងកើតហេតុបាត់ទៅហើយ។

ផ្អែកតាមប្រភពព័ត៌មានពីសារព័ត៌មាន Khaosod ម្តាយរបស់កុមាររងគ្រោះ ដែលមានអាយុ ៣៨ឆ្នាំ បានរៀបរាប់ប្រាប់នគរបាលថា មុនពេលកើតហេតុ នាងបានចាកចេញពីបន្ទប់ដើម្បីយកសម្លៀកបំពាក់ទៅផ្ញើបោកនៅហាងមួយកន្លែងដែលស្ថិតនៅប៉ែកម្ខាងទៀតនៃផ្លូវ ដោយសារតែឃើញកូនប្រុសកំពុងគេងលក់ស្កប់ស្កល់។ យ៉ាងណាមិញ រំលងបានបន្តិច នៅពេលនាងកំពុងដើរឆ្លងផ្លូវ ស្រាប់តែឮសំឡេងអ្នកជិតខាងស្រែកឆោឡោថា មានក្មេងធ្លាក់ពីលើអគារ។

ពេលឮដូច្នេះ ស្ត្រីជាម្តាយបានប្រញាប់ប្រញាល់រត់ត្រឡប់មកមើល ទាំងតក់ស្លុត ហើយក៏បានឃើញថា ក្មេងដែលធ្លាក់នោះ គឺជាកូនប្រុសបង្កើតរបស់ខ្លួន។

នគរបាលបានឱ្យដឹងបន្ថែមថា តាមការស៊ើបអង្កេតបឋម គ្មាននរណាម្នាក់ផ្សេងទៀតបានចូល ឬចេញពីបន្ទប់របស់គ្រួសារនេះ ក្នុងកំឡុងពេលកើតហេតុនោះឡើយ។

បច្ចុប្បន្ន ក្រុមអ្នកស៊ើបអង្កេតកំពុងប្រមូលភស្តុតាង និងពិនិត្យមើលរូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) នៅជុំវិញអគារ ដើម្បីផ្ទៀងផ្ទាត់ហេតុការណ៍ពិតប្រាកដមុនពេលកើតមានការធ្លាក់នេះ។ ទន្ទឹមនឹងនេះ ក្រុមអ្នកស៊ើបអង្កេតក៏មានផែនការសាកសួរមាតារបស់កុមារបន្ថែមទៀត តាមផ្លូវច្បាប់។

ចំពោះសពកុមាររងគ្រោះ នឹងត្រូវប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីបញ្ចប់កោសល្យវិច័យ និងនីតិវិធីចាំបាច់នានារួចរាល់។ យ៉ាងណាមិញ ផ្អែកតាមរបាយការណ៍ដំបូង សមត្ថកិច្ចមិនទាន់បានសន្និដ្ឋានអំពីមូលហេតុលម្អិត ឬកំណត់ថាយ៉ាងណានៅឡើយទេ៕

ប្រភព៖ Thaiger

Share.