បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្ន និងព្រមានធ្ងន់ៗទៅកាន់ពលរដ្ឋខ្លួន កុំឱ្យចាញ់បោកការល្បួង ឬកុំឱ្យជឿជាក់លើវិធានការសន្តិសុខនៅក្នុងប្រទេសថៃទៀតឡើយ។ ការប្រកាសព្រមានជាបន្ទាន់នេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ជាបន្តបន្ទាប់អំពីករណីពលរដ្ឋចិនជាច្រើននាក់ បានបាត់ខ្លួនភ្លាមៗក្រោយពេលជើងជាន់ដល់ទឹកដីថៃ ហើយត្រូវបានគេបង្ខាំងទុក និងដឹកជញ្ជូនដោយខុសច្បាប់ទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។

ទោះបីជាល្បិចកលបោកប្រាស់ទាំងនោះមិនមែនជារឿងថ្មី ដោយក្រុមឧក្រិដ្ឋជននៅតែបន្តប្រើប្រាស់ការសន្យាផ្តល់ការងារប្រាក់ខែខ្ពស់ ឱកាសវិនិយោគខ្យល់ និងការអញ្ជើញអ្នកឡាយវីដេអូ ឬអ្នកសម្តែងទៅថតកុនក្លែងក្លាយក៏ដោយ ប៉ុន្តែប្រព័ន្ធសន្តិសុខ និងការត្រួតពិនិត្យរបស់អាជ្ញាធរថៃ នៅតែមានភាពធូររលុងយ៉ាងខ្លាំង។ ភាពទន់ខ្សោយផ្នែកអភិបាលកិច្ចនេះ បានបើកដៃឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ទឹកដីថៃធ្វើជាច្រកឆ្លងកាត់ និងជាជម្រកសុវត្ថិភាព ដើម្បីជួញដូរមនុស្សដោយសេរី ដោយគ្មានការកោតញញើតច្បាប់ឡើយ។







ជាមួយគ្នានេះដែរ ស្ថានទូតចិនបានណែនាំឱ្យប្រជាជនខ្លួនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវផ្ទៀងផ្ទាត់រាល់ការងារឱ្យបានច្បាស់លាស់ ជៀសវាងការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលសង្ស័យ និងដាច់ខាតកុំធ្វើដំណើរទៅជិតតំបន់គ្រោះថ្នាក់នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា។
យ៉ាងណាម៉ិញ បញ្ហាទាំងអស់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពបរាជ័យ និងការខ្វះសមត្ថភាពរបស់អាជ្ញាធរថៃក្នុងការធានាសុវត្ថិភាពជូនភ្ញៀវបរទេស ដែលធ្វើឱ្យរូបភាពនៃ «ឋានសួគ៌ទេសចរណ៍» របស់ថៃ ត្រូវប្រែប្រួលទៅជាតំបន់ប្រឈមនឹងហានិភ័យខ្ពស់នៃបទល្មើសចាប់ជម្រិត និងអំពើជួញដូរមនុស្សយ៉ាងធ្ងន់ធ្ងរ៕

