ភ្នំពេញ៖ ជនជាតិឥណ្ឌូនេស៊ីចំនួន ១៨០នាក់ ក្នុងនោះមានស្ត្រី ២៩នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

តាមព័ត៌មានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញនេះធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា។

ប្រតិបត្តិការនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃការអនុវត្តវិធានការច្បាប់លើជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកំពុងបន្តខិតខំស្រាវជ្រាវ បង្ក្រាបបទល្មើសប្រភេទនេះ និងស្វែងរកមេខ្លោងពាក់ព័ន្ធ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ដើម្បីឱ្យពួកគេអាចទទួលបានសេរីភាព និងវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព៕

អត្ថបទ៖ចតុម្មុខ

Share.