កម្ពុជា បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម តាមរយៈការយល់ព្រមបង្កើតទីស្នាក់ការកណ្តាល APAARI នៅកម្ពុជា។

ពិធីចុះហត្ថលេខា បានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត រ៉ាវី ខេតារប៉ាល់ (Dr. Ravi Khetarpal) នាយកប្រតិបត្តិនៃសមាគមស្ថាប័នស្រាវជ្រាវកសិកម្មតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APAARI) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធការបង្កើតទីស្នាក់ការកណ្តាលរបស់សមាគម APAARI នៅកម្ពុជា។ ក្នុងជំនួប ឯកឧត្តម កាន់ ផារិទ្ធ បានស្វាគមន៍ចំពោះការចុះហត្ថលេខានេះ ដោយគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម។ ឯកឧត្តមបានបញ្ជាក់សាជាថ្មីនូវការបន្តគាំទ្រចំពោះការបង្កើតទីស្នាក់ការកណ្តាល និងប្រតិបត្តិការការងាររបស់សមាគមនេះនៅកម្ពុជា។

លោកបណ្ឌិត រ៉ាវី ខេតារប៉ាល់ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់ការគាំទ្រសម្របសម្រួលដល់ការបង្កើតទីស្នាក់ការកណ្តាល។ លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាគម APAARI ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។

