នៅក្នុងជំហានទៅមុខដ៏សំខាន់មួយនៃការទូត កម្ពុជា និងថៃបានព្រមព្រៀងគ្នា តាមការសំណើគណៈកម្មការផ្សះផ្សា ក្នុងការដំឡើងកម្រិតតំណាងទូតរបស់ខ្លួនឡើងវិញ ដោយរៀបចំឱ្យមានការតែងតាំងតំណាងជាទូតពិសេស និងមានអំណាចពេញលេញប្រចាំនៅរាជធានីនៃប្រទេសទាំងពីរ ដើម្បីស្តារទំនាក់ទំនងការទូតឱ្យកាន់តែជិតស្និទ្ធ បង្កើតបរិយាកាសកសាងទំនុកចិត្ត និងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចរចាកំណត់ព្រំដែនសមុទ្រដោយសន្តិវិធី ក្រោមយន្តការគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានប្រកាសពីការបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំលើកទីពីររបស់គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS។ សំណុំវិធានការទាំងនេះមានគោលបំណងចម្បងក្នុងកសាង និងពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានទៅសម្រេចបានកិច្ចព្រមព្រៀងប្រកបដោយចីរភាព។
ក្នុងចំណោមវិធានការសំខាន់ៗដែលបានព្រមព្រៀង គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតទំនាក់ទំនងការទូតតាមរយៈការបញ្ជូនតំណាងជាន់ខ្ពស់ប្រចាំនៅរាជធានីទៅវិញទៅមក ព្រមទាំងចូលរួមដោយស្ថាបនា និងបើកចំហក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រុមការងាររួម ដើម្បីកំណត់ព្រំដែនសមុទ្រក្រោមការដឹកនាំរបស់គណៈកម្មការ។ បន្ថែមលើនេះ ភាគីទាំងពីរបានយល់ព្រមលើការគ្រប់គ្រងព័ត៌មានសាធារណៈ ដោយជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ណាដែលបង្កឱ្យមានអារម្មណ៍អវិជ្ជមាន ឬបង្កើតភាពតានតឹងក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ដើម្បីរក្សាបាននូវបរិយាកាសវិជ្ជមានសម្រាប់កិច្ចចរចា។
ជាការឆ្លើយតប កម្ពុជាបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះដែលកម្ពុជាខ្លួនឯងជាអ្នកផ្តើមគំនិត។ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ពីជំនឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិគឺជាគ្រឹះ និងជាមាគ៌ាតែមួយគត់ដ៏ត្រឹមត្រូវក្នុងការដោះស្រាយរាល់វិវាទរវាងរដ្ឋ និងរដ្ឋដោយសន្តិវិធី តម្លាភាព និងឈ្នះ-ឈ្នះ សម្រាប់ប្រជាជាតិទាំងពីរ៕

