
អាជ្ញាធរជាតិព្រះវិហារ បានប្រកាសឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានរៀបចំពិធីសែនព្រេន និងចាប់ផ្តើមចុះអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់លើរចនាសម្ព័ន្ធប្រាសាទព្រះវិហារចំនួន ២៩ទីតាំងសំខាន់ៗ បន្ទាប់ពីដំណាក់កាលទី១ ធ្លាប់បានអនុវត្តរួចរាល់ចំនួន ២៣ទីតាំងរួចមកហើយ។
ក្នុងនោះនៅគោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង, គោបុរៈទី៣ ចំនួន៥ទីតាំង, គោបុរៈទី៤ ចំនួន១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។


គម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់នេះ ត្រូវបានបង្កើតឡើងក្នុង គោលបំណងចម្បង ដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតទ្រង់ទ្រាយរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ និងធានាថាប្រាសាទព្រះវិហារនៅតែមានភាពរឹងមាំ និងសុវត្ថិភាព មុននឹងឈានដល់កិច្ចការជួសជុលទ្រង់ទ្រាយធំនាពេលអនាគត។


គួរបញ្ជាក់ផងដែរថា ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ធ្លាប់បានរងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរសរុបចំនួន ៥៦២កន្លែង ដែលប៉ះពាល់យ៉ាងខ្លាំងដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងតម្លៃលេចធ្លោជាសកល ក្នុងអំឡុងពេលនៃជម្លោះប្រដាប់អាវុធទាំងពីរលើករវាងកម្ពុជា និងថៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ យោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

