បណ្តាញសង្គមអន្តរជាតិមួយចំនួន បាននិងកំពុងផ្ទុះការចែករំលែកនូវព័ត៌មានអះអាងដែលគ្មានប្រភពច្បាស់លាស់ ដោយចោទប្រកាន់ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបាត់បង់ជីវិតហើយ។ យ៉ាងណាមិញ ព័ត៌មាននេះត្រូវបានគេអះអាងថា គ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់នោះទេ។

ពាក្យចចាមអារ៉ាមទាំងនេះ បានចាប់ផ្តើមដំបូងពីការបង្ហោះលើបណ្តាញសង្គម X ដោយបុគ្គលម្នាក់ ហើយត្រូវបានយកទៅចុះផ្សាយបន្តដោយសារព័ត៌មានបរទេសធំៗមួយចំនួន ដោយអះអាងថា លោក គីម ជុងអ៊ុន បានធ្លាក់ខ្លួនឈឺធ្ងន់ និងបានស្លាប់ ឬ ផ្សាយថា លោក គីម ជុងអ៊ុន ដាច់សរសៃឈា.មខួរក្បាលសន្លប់បាត់ស្មារតី និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានចេញផ្សាយរូបភាព និងសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ ដោយបង្ហាញថា លោក គីម ជុងអ៊ុន ទើបតែបានអញ្ជើញចុះពិនិត្យមើលការតាំងពិព័រណ៍ផលិតផលនានា មានដូចជា សម្លៀកបំពាក់ និងស្បែកជើងមួយកន្លែងក្នុងទីក្រុងព្យុងយ៉ាង ជាមួយកូនស្រីរបស់លោក។






ដោយឡែក មន្ត្រីការទូត និងសន្តិសុខរបស់កូរ៉េខាងកូរ៉េខាងត្បូង បានបញ្ជាក់ថា ពួកគេមិនទាន់ទទួលបានព័ត៌មាន ឬភស្តុតាងណាមួយដែលអាចបញ្ជាក់ ឬគាំទ្រដល់ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានទាំងនោះឡើយ៕
ប្រភព ៖ The Korean Times

