រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសភូមា បាននិងកំពុងបើកយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃ ទៅលើទីតាំងសម្បុកល្បែងស៊ីសង និងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងក្រុងព្រំដែនដាច់ស្រយាលមួយ នៃរដ្ឋកាយីន។ នៅក្នុងចំណាត់ការចុងក្រោយ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ ម្សិលមិញនេះ ពលរដ្ឋហ្វីលីពីនចំនួន ៣ នាក់ ដែលពាក់ព័ន្ធនឹងបណ្តាញបទល្មើសទាំងនេះ ត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញជាផ្លូវការ តាមរយៈស្ពានមិត្តភាពភូមា-ថៃទី ២ ផ្អែកលើគោលការណ៍មនុស្សធម៌ និងច្បាប់អន្តោប្រវេសន៍។

កិច្ចប្រតិបត្តិការដេញចាប់ និងជម្រុះចេញនេះ បានលាតត្រដាងនូវតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។ ចន្លោះចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ រហូតមកទល់នឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ នេះ អាជ្ញាធរនៅក្នុងក្រុងព្រំដែននោះ ឃាត់ខ្លួនជនបរទេសដែលលួចឆ្លងដែនចូលប្រទេសភូមាដោយខុសច្បាប់ បានរហូតដល់ទៅ ១៥,២៩៣ នាក់។ ក្រោយការត្រួតពិនិត្យ និងចម្រាញ់ប្រវត្តិយ៉ាងម៉ត់ចត់ ជនបរទេសចំនួន ១៤,១០៣ នាក់ ត្រូវបានបណ្តេញចេញ និងបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ តាមរយៈទឹកដីប្រទេសថៃ។

ដោយឡែក ក្នុងចំណោមជនបរទេស ១,១៩០ នាក់ដែលនៅសេសសល់ មានចំនួន ៤៧១ នាក់ ត្រូវបានអាជ្ញាធរដាច់ខាតចោទប្រកាន់តាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ក្រោមបទប្បញ្ញត្តិបន្ទាន់នៃច្បាប់អន្តោប្រវេសន៍ភូមា និងច្បាប់ស្តីពីគ្រឿងញៀន។ ចំណែកឯ ៧១៩ នាក់ផ្សេងទៀត ត្រូវបានរៀបចំឯកសាររួចរាល់ក្នុងការផ្ទេរត្រឡប់ទៅស្រុកកំណើតវិញ ដោយបច្ចុប្បន្នកំពុងស្ថិតក្រោមការថែទាំយ៉ាងសមរម្យពីសំណាក់សមត្ថកិច្ច។

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសសង្កត់ធ្ងន់ថា ខ្លួនកំពុងតែបន្តសហការយ៉ាងសកម្ម និងជិតស្និទ្ធបំផុតជាមួយបណ្តាប្រទេសជិតខាង ស្ថាប័នក្នុងតំបន់ និងអង្គការអន្តរជាតិនានា ដើម្បីវែកមុខ ស្វែងរកអត្តសញ្ញាណ និងតាមចាប់ខ្លួនមេខ្លោងធំៗ រួមទាំងជនបរទេសដែលនៅពីក្រោយខ្នងបញ្ជាសកម្មភាពឆបោកតាមអនឡាញទាំងអស់ ដើម្បី​យក​មកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។ ទន្ទឹមនឹងវិធានការក្តៅនេះ រដ្ឋក៏កំពុងសម្របសម្រួលជួយសង្គ្រោះ និងបញ្ជូនជនបរទេសដែលជាជនរងគ្រោះពិតប្រាកដដោយសារការជួញដូរមនុស្ស ឱ្យបានត្រឡប់ទៅជួបជុំគ្រួសារវិញប្រកបដោយសុវត្ថិភាព និងល្បឿនលឿនបំផុតផងដែរ៕

Share.