ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបន្តជំរុញការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដល់ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ ក្នុងនោះមានស្ត្រី៧០៣នាក់ ដើម្បីផ្តល់បំណិនជីវិតការងារ ក្រោយពេលទទួលបានសេរីភាពឡើងវិញ ក្នុងនោះ មានជនជាប់ឃុំចំនួន ២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ។

របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងទៀតថា ក្នុងចំណោមជនជាប់ឃុំជាង៨ពាន់នាក់ដែលទទួលបានការបណ្ដុះបណ្ដាលនោះ រួមមាន ការអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែងមានចំនួន ៤.៥២១នាក់ ការបណ្តុះបណ្តាលដោយអង្គភាពផ្ទាល់មាន១.២០៩នាក់ និងការបណ្តុះបណ្តាលក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល ព្រមទាំងអង្គការដៃគូនានាចំនួន២.៤១៩នាក់។

ជំនាញសំខាន់ៗដែលអគ្គនាយកដ្ឋានពន្ធនាគារ បានបណ្ដុះបណ្ដាល រួមមាន ជំនាញកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានពង្រឹងការរៀបចំ និងអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់ក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលនៅតាមពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកប្រភពធនធាន និងដៃគូវិនិយោគបន្ថែម។

ដោយឡែក សេវាអប់រំកែប្រែ និងស្តារនីតិសម្បទាក៏ត្រូវបានអនុវត្តយ៉ាងសកម្មផងដែរ ដោយបច្ចុប្បន្នមានជនជាប់ឃុំកំពុងសិក្សាថ្នាក់អក្ខរកម្ម ថ្នាក់សមមូល (BEEP) និងថ្នាក់ភាសាបរទេស សរុបចំនួន ៩០ថ្នាក់ ស្មើនឹង ១.៥៨៩នាក់ (ស្ត្រី ១៧៨នាក់) ខណៈអ្នកជាប់ឃុំ ២.១៣៣នាក់ ទៀតកំពុងរៀនអក្ខរកម្មតាមបន្ទប់ និង៦៧.៩៤១នាក់ ទទួលបានការផ្សព្វផ្សាយអប់រំអំពីបទបញ្ជាផ្ទៃក្នុង បញ្ហាគ្រឿងញៀន សីលធម៌សង្គម សាសនា ច្បាប់ស្តីពីពន្ធនាគារ និងក្រមព្រហ្មទណ្ឌ។

ក្រៅពីនេះ អគ្គនាយកដ្ឋានពន្ធនាគារបានដាក់ឱ្យសាកល្បងដំណើរការគម្រោងណូម៉ាដឡាប កម្មវិធីសិក្សាតាមបែបឌីជីថលដោយមិនប្រើប្រាស់អ៊ីនធឺណិត នៅតាមពន្ធនាគារចំនួន ២៩ទីតាំង ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាសរុប ១៩៩គ្រឿង មានជនជាប់ឃុំចូលរួមសិក្សាចំនួន ១៧.៨៦១នាក់។ មិនត្រឹមតែប៉ុណ្ណោះ មានជនជាប់ឃុំ៤៧.៤៣៨នាក់ បានចូលអានសៀវភៅក្នុងបណ្ណាល័យ និងចំនួន ៦៦.២៩៥នាក់ បានខ្ចីសៀវភៅអាន ខណៈសៀវភៅសរុបនៅតាមបណ្ណាល័យពន្ធនាគារ និងមណ្ឌលអប់រំកែប្រែមានចំនួន ៨៤.៤៧៧ក្បាល។

បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំប្រមាណ ជាង៧២០០០នាក់ និងមានពន្ធនាគារចំនួន២៥ ព្រមទាំងមណ្ឌលអប់រំកែប្រែចំនួន៤៕

Share.