កងកម្លាំងនគរបាលម៉ាឡេស៊ីបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកទៅលើបណ្តាញឆបោកតាមអនឡាញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១នាក់ នៅក្នុងរដ្ឋ Pahang ដែលជាក្រុមសង្ងំលាក់ខ្លួនធ្វើសកម្មភាពបោកប្រាស់ និងជម្រិតទារប្រាក់ពីជនបរទេសយ៉ាងសកម្ម។

លោក Datuk Azry Akmar Ayob ស្នងការនគរបាលស្តីទីប្រចាំរដ្ឋ Pahang បានគូសបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងចំនួន ៥លើកផ្សេងៗគ្នា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែតុលា នៅចំណុចក្រុង Kuantan និងតំបន់ភ្នំ Genting Highlands។ ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់ដែលត្រូវបានឃាត់ខ្លួន មានជនជាតិម៉ាឡេស៊ី ៤នាក់ និងជនបរទេស ២៧នាក់ផ្សេងទៀត រួមមានជនជាតិចិន និងជនបរទេសមួយចំនួនទៀត។

ក្រុមឧក្រិដ្ឋជនទាំងនេះបានប្រើប្រាស់ល្បិចកលចម្រុះ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការទាក់ទាញ និងបោកប្រាស់ជនបរទេស រាប់ចាប់តាំងពីការល្បួងឱ្យវិនិយោគទុនក្លែងក្លាយ ការបោកប្រាស់មនោសញ្ចេតនាតាមអនឡាញ រហូតដល់ការផ្សាយពាណិជ្ជកម្មជ្រើសរើសពលករ ឬផ្តល់ការងារភាគរយក្លែងក្លាយ។ ក្រុមជនសង្ស័យបានបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយជាច្រើន និងប្រៀបចំប្រព័ន្ធផ្ញើសារបន្លំអត្តសញ្ញាណយ៉ាងស្មុគស្មាញ ដើម្បីគេចវេះពីការតាមដានរបស់អាជ្ញាធរមានសមត្ថកិច្ច។

បច្ចុប្បន្ន អាជ្ញាធរនគរបាលកំពុងស៊ើបអង្កេតករណីនេះយ៉ាងស៊ីជម្រៅ ដោយផ្អែកលើមាត្រា៤២០ ស្ដីពីបទឆបោក និងមាត្រា១២០B ស្ដីពីបទកគប់គិតប្រព្រឹត្តបទល្មើស នៃក្រមព្រហ្មទណ្ឌ ព្រមទាំងច្បាប់អន្តោប្រវេសន៍នៃប្រទេសម៉ាឡេស៊ី។ លោកស្នងការស្តីទីបានសង្កត់ធ្ងន់ថា សមត្ថកិច្ចនឹងបន្តស្រាវជ្រាវស្វែងរកមេក្លោង និងអ្នកពាក់ព័ន្ធទាំងអស់ ហើយបញ្ជូនសំណុំរឿងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ឱ្យតែមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់៕

ប្រភព៖ The vibes

Share.