កំពង់ធំ៖ កម្លាំងចម្រុះដឹកនាំដោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយមន្ត្រីបរិស្ថានខេត្ត បានចុះឆែកឆេរផ្ទះចាំចម្ការមួយកន្លែងនៅតំបន់ច្រកតោល ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយរកឃើញឈើប្រភេទលេខ១ និងលេខ២ ចំនួន ៩ម៉ែត្រគូប និង៧២ផ្លាន។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកផ្តល់ព័ត៌មានសម្ងាត់ ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងលាក់ទុកឈើខុសច្បាប់នៅក្នុងផ្ទះចាំចម្ការខាងលើ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានសហការជាមួយលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត ចាត់ឱ្យកម្លាំងចម្រុះហ៊ុព័ទ្ធទីតាំងខាងលើពីខាងក្រៅ ដើម្បីស្នើសុំការអនុញ្ញាតពីតុលាការសម្រាប់ការឆែកឆេរ។

តាមប្រភពព័ត៌មានដដែល តុលាការបានចេញដីកាលេខ ១០៧៥ ដក ឆ ឆ/២៦ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អនុញ្ញាតឱ្យធ្វើការឆែកឆេរទីតាំងសង្ស័យ លុះដល់ព្រឹកថ្ងៃទី២៤ ខែតុលា តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចាត់តាំងព្រះរាជអាជ្ញារងមួយរូប សហការជាមួយកងកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងនោះ និងរកឃើញឈើខាងលើតែម្តង។ បច្ចុប្បន្ន ឈើដែលរកឃើញទាំងអស់ ត្រូវបានមន្ត្រីជំនាញដឹកជញ្ជូនទៅរក្សាទុកនៅទីស្នាក់ការរងបរិស្ថានប្រចាំច្រកតោល ដើម្បីចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មានភារកិច្ចឈរជើងនៅខាងក្រៅបរិវេណទីតាំង ដើម្បីសម្រួលដល់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការអនុវត្តនីតិវិធី។

លោកក៏បានស្នើឱ្យស្ថាប័នជំនាញចាត់វិធានការតាមច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងអ្នកពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ លោកបានលើកឡើងថា ទោះបីកងកម្លាំងចម្រុះខិតខំបំពេញភារកិច្ចការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានជនខិលខូចឆ្លៀតឱកាសប្រព្រឹត្តបទល្មើស តាមរូបភាពផ្សេងៗ រួមទាំងការលួចកាប់ និងដឹកជញ្ជូនឈើនៅពេលយប់ផងដែរ៕

Share.