បច្ចុប្បន្ន ប្រទេសថៃហាក់បីដូចជាបានក្លាយជាទីតាំងចែកចាយដ៏ធំ និងជាជម្រកសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជន មិនថាតែរឿងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងជាពិសេសនោះគឺ បទល្មើសគ្រឿងញៀនខុសច្បាប់នោះឡើយ ដែលកំពុងតែកើតមានឡើងយ៉ាងគគ្រឹកគគ្រេងពេញទឹកពេញដី។ ភាពអសន្តិសុខ និងភាពធូររលុងនៃការគ្រប់គ្រងនេះ ត្រូវបានទម្លាយឱ្យឃើញកាន់តែច្បាស់តាមរយៈការដែលសមត្ថកិច្ចទើបតែស្ទាក់ចាប់ និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនរហូតដល់ទៅ ១០លានគ្រាប់ ដែលមានទម្ងន់សរុបជាង ១តោន ត្រូវគេលាក់ទុកពេញរថយន្តដឹកទំនិញខ្នាតធំមួយគ្រឿង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Khaosod បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅក្នុងខេត្តផាយ៉ៅ កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា នៅពេលដែលគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ កំពុងត្រូវបានដឹកជញ្ជូនតម្រង់ទិសឆ្ពោះទៅកាន់ខេត្តប៉ាធុមថានី ដើម្បីត្រៀមចែកចាយបន្ត។ ផ្អែកលើការស៊ើបអង្កេតបឋមបានបង្ហាញថា រថយន្តដឹកទំនិញខាងលើបានចូលទៅដឹកកញ្ចប់គ្រឿងញៀនខុសច្បាប់ទាំងនោះ ចេញពីឃ្លាំងចាស់ដែលគេបោះបង់ចោលមួយកន្លែង ស្ថិតក្នុងស្រុកថេង ខេត្តឈៀងរ៉ៃ ហើយបានព្យាយាមបើកបរដឹកជញ្ជូនឆ្លងកាត់ខេត្តជាច្រើន ដោយគ្មានការរារាំង រហូតទាល់តែមកដល់ចំណុចឃុំម៉ែតាំ ស្រុកមឿង ខេត្តផាយ៉ៅ ទើបត្រូវប៉ូលីសស្ទាក់ចាប់បាន និងបានឃាត់ខ្លួនអ្នកបើកបរ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ព្រមទាំងបន្តស្រាវជ្រាវរកបណ្តាញមេខ្លោងធំដែលនៅពីក្រោយខ្នង។

ទោះបីជាការស្ទាក់ចាប់ថ្នាំញៀនចំនួន ១០លានគ្រាប់នេះ ជាវិធានការទប់ស្កាត់មួយក៏ដោយ ប៉ុន្តែទន្ទឹមនឹងនោះ វាក៏បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវភាពធ្ងន់ធ្ងរនៃបញ្ហាឧក្រិដ្ឋកម្មក្នុងប្រទេសថៃ ដែលកំពុងតែកើនឡើងដល់កម្រិតអាសន្ន។ យោងតាមទិន្នន័យផ្លូវការរបស់អាជ្ញាធរថៃ និងរបាយការណ៍សន្តិសុខប្រចាំឆ្នាំ២០២៦ ដែលចុះផ្សាយដោយសារព័ត៌មានជាច្រើនដូចជា៖ The Nation, Asia News Network និង The Straits Times បានបង្ហាញឱ្យឃើញពីទំហំដ៏គួរឱ្យភ្ញាក់ផ្អើលនៃបទល្មើសឆ្លងដែន ដោយគ្រាន់តែក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ អាជ្ញាធរបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនសរុប រហូតដល់ជាង ៣៣០លានគ្រាប់ ព្រមទាំងសារធាតុញៀនម៉ាទឹកកក ជាង ១១,០០០គីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាង ៨៨,០០០នាក់។ លើសពីនេះ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស អាជ្ញាធរបានបង្កកទ្រព្យសម្បត្តិដែលជារបស់បណ្តាញឧក្រិដ្ឋជនអស់ជាង ៣.៣៩ប៊ីលានបាត (ប្រមាណជាង ១០០លានដុល្លារ) និងបានលុបចោលគណនីធនាគារសង្ស័យពាក់ព័ន្ធនឹងការឆបោកជាង ៥៩,០០០គណនី។

ទិន្នន័យដ៏ច្រើនមហិមាទាំងនេះបានបង្ហាញថា ប្រសិនបើជនខិលខូច និងបណ្តាញឧក្រិដ្ឋជនធំៗ នៅតែអាចប្រើប្រាស់ដែនដីរបស់ថៃ ជាឃ្លាំងស្តុក និងជាច្រករបៀងដឹកជញ្ជូនយ៉ាងសេរីបែបនេះ វានឹងនៅតែបន្តជាមហន្តរាយដ៏ធំធេងដល់សង្គមជាតិទាំងមូល។

ជាងនេះទៅទៀត ករណីបង្រ្កាបទ្រង់ទ្រាយធំនៅខេត្តផាយ៉ៅនេះ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាយ៉ាងខ្លាំង ទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំ២០១៩ ដែលកាលនោះ ប៉ូលីសថៃក៏ធ្លាប់បានស្ទាក់ចាប់ថ្នាំញៀនមេតំហ្វេតាមីនចំនួន ១០លានគ្រាប់ ដឹកយកទៅខេត្តប៉ាធុមថានីដូចគ្នានេះដែរ នៅលើកំណាត់ផ្លូវថ្នល់ក្នុងស្រុកកោកា ខេត្តលំប៉ាង ដោយបានរកឃើញគ្រឿងញៀនច្រកក្នុងបាវរហូតដល់ ៥០បាវ។ ហេតុនេះហើយ ភាពជាន់គ្នានៃព្រឹត្តិការណ៍ទាំងពីរនេះ រួមជាមួយតួលេខបង្ក្រាបរាប់រយលានគ្រាប់ក្នុងឆ្នាំ២០២៦ នេះ បានបង្ហាញយ៉ាងច្បាស់ថា បណ្តាញជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែននៅតែបន្តដំណើរការយ៉ាងរលូន ក្រោមប្រព័ន្ធសន្តិសុខដែលនៅតែមានចន្លោះប្រហោង។

ប្រភព៖ Khaosod

Share.