ភ្នំពេញ៖ ការផ្ញើសារលិខិតអបអរសាទរផ្លូវការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Numan Kurtulmuş (នូម៉ាន់ គូទូលមូស) ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីយ៉េ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១០៣ នៃការប្រកាសបង្កើតសាធារណរដ្ឋតួកគីយ៉េ មិនត្រឹមតែជាពិធីសារការទូតធម្មតានោះទេ ប៉ុន្តែគឺជាសញ្ញាណនយោបាយយ៉ាងច្បាស់លាស់អំពី «យុទ្ធសាស្ត្រពង្រីកមិត្តភាព និងការទូតសភា» របស់កម្ពុជានៅលើឆាកអន្តរជាតិ។

នៅក្នុងសារលិខិតដែលចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ នេះ ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសរំលេចយ៉ាងស៊ីជម្រៅអំពីការកោតសរសើរចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង «ភាពធន់» របស់ប្រជាជនតួកគីយ៉េ ក្រោមការដឹកនាំរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលជាបេះដូងនៃការកសាងជាតិរបស់ប្រទេសនេះ។ ការលើកឡើងអំពីភាពលេចធ្លោរបស់តួកគីយ៉េលើឆាកអន្តរជាតិ បានឆ្លុះបញ្ចាំងពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីភូមិសាស្ត្រនយោបាយដ៏សំខាន់របស់រដ្ឋធានី អង់ការ៉ា ដែលជាស្ពានភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញពីសមិទ្ធផលរវាងកិច្ចសហប្រតិបត្តិការសភា និង «ការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម» ទាំងក្នុងតំបន់ និងសកលលោក គឺជាសារដ៏មានទម្ងន់ក្នុងបរិបទពិភពលោកដែលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជានិងភាពតានតឹងភូមិសាស្ត្រនយោបាយ។

តាមរយៈសារលិខិតនេះ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ពីជំហរនៃការធ្វើការទូតពហុទិស ដោយមិនត្រឹមតែពង្រឹងមិត្តភាពជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមហាអំណាចប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសដែលមានឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ាស៊ី ដូចជាតួកគីយ៉េផងដែរ។

តាមរយៈសារលិខិតដដែលនេះ សម្ដេចតេជោ បានបង្ហាញយ៉ាងច្បាស់ថា ការទូតសភាកំពុងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការបំពេញបន្ថែមឱ្យការទូតរដ្ឋាភិបាល។ ការភ្ជាប់ទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាតួកគីយ៉េ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី មិនត្រឹមតែបើកផ្លូវឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាលម៉ាស៊ីនជំរុញពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិទាំងពីរផងដែរ។

ជារួម នៅក្នុងសារលិខិតអបអរសាទរខួប ១០៣ ឆ្នាំនៃទិវាជាតិសាធារណរដ្ឋតួកគីយ៉េ ពីសំណាក់ប្រធានព្រឹទ្ធសភាកម្ពុជា គឺជាសាក្ខីភាពនៃទំនាក់ទំនងការទូតដ៏ស្មោះស្ម័គ្រ និងជាការបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគីយ៉េ ឱ្យកាន់តែរីកចម្រើន និងមានជម្រៅបន្ថែមទៀតនាពេលអនាគត៕

Share.