សភាពការណ៍ហិរញ្ញវត្ថុរបស់ទីក្រុងបាងកក បានឈានចូលដល់ចំណុចប្រកាសអាសន្នយ៉ាងខ្លាំង បន្ទាប់ពីអភិបាលក្រុងបាងកក លោក ឆាត់ឆាត ស៊ីតធីពន្ធ (Chadchart Sittipunt) បានទម្លាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ថវិកាសម្រាប់ទប់ទល់គ្រាអាសន្ន របស់ទីក្រុងនៅសល់ត្រឹមតែ ២៨លានបាត (ប្រមាណជាង ៨២ម៉ឺនដុល្លារប៉ុណ្ណោះ) តើវាសនាប្រជាជននៅទីក្រុងបាងកកនឹងទៅជាយ៉ាងណា ក្រោយលុយបម្រុងសម្រាប់ទប់ទល់គ្រោះមហន្ដរាយក្នុងបញ្ជីមានចំនួនកំណត់។

ផ្អែកលើទិន្នន័យចំណាយបានបង្ហាញថា ចេញពីថវិកាសង្គ្រោះបន្ទាន់សរុបចំនួន ៤០០លានបាត រដ្ឋបាលក្រុងបានប្រើប្រាស់អស់រហូតដល់ ៣៧២លានបាតទៅហើយ។ ក្នុងនោះ ថវិកាចំនួន ១៦២លានបាតត្រូវបានចំណាយសម្រាប់ជំនួយសង្រ្គោះទឹកជំនន់ផ្ទាល់ ដូចជាការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈសង្រ្គោះ ខណៈដែលថវិកាចំនួន ២១០លានបាតផ្សេងទៀត ត្រូវបានផ្ទេរទៅឱ្យនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ដើម្បីរួមចំណែកផ្តល់ប្រាក់ឧបត្ថម្ភជួយសម្រាលទុក្ខលំបាកដល់គ្រួសាររងគ្រោះក្នុងចន្លោះពី ៥០០០ ទៅ ៩០០០បាតក្នុងមួយគ្រួសារ។





ទន្ទឹមនឹងនេះ លោក ឆាត់ឆាត បានឱ្យដឹងថា រដ្ឋបាលក្រុងបាងកក (BMA) កំពុងរៀបចំស្នើសុំការអនុម័តពីក្រុមប្រឹក្សារាជធានីបាងកក នៅថ្ងៃទី២៨ ខែតុលា ដើម្បីស្នើសុំកញ្ចប់ថវិកាបន្ថែមចំនួន ១,១៣៩ប៊ីលានបាត សម្រាប់យកទៅជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋដែលខូចខាត។ ដោយប្រភពថវិកានេះ គឺត្រូវដកចេញពីមូលនិធិផ្ទាល់របស់សាលាក្រុង ដែលកន្លងមកធ្លាប់ត្រូវបានដកយកទៅទូទាត់បំណុលជំពាក់គម្រោងរថភ្លើងលើអាកាស BTS រហូតដល់ជាង ៧០ប៊ីលានបាតរួចមកហើយ។
ទោះបីជាលោកអភិបាលក្រុងបានបញ្ជាក់ថា សរុបការចំណាយលើការសង្គ្រោះទឹកជំនន់របស់ក្រុងបាងកក នឹងកើនឡើងដល់ ១,៥១១ប៊ីលានបាតក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទន់ខ្សោយ និងភាពប្រឈមផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ការដែលថវិកាបម្រុងរបស់រាជធានីដ៏ធំមួយនេះ ត្រូវជួបវិបត្តិស្ទើរតែអស់ទាំងស្រុងបែបនេះ បានបន្សល់នូវការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រសិនបើមានវិបត្តិ ឬគ្រោះមហន្តរាយធម្មជាតិណាមួយកើតឡើងបន្ថែមទៀតក្នុងអំឡុងឆ្នាំខាងមុខ តើរដ្ឋបាលក្រុងបាងកកមុខជានឹងគ្មានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលាមែនទេ៕

