ភ្នំពេញ៖ អង្គភាពសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើគម្រោងថ្មីមួយមានតម្លៃ ១.៦លានអឺរ៉ូ ឬប្រមាណ ១.៨លានដុល្លារអាម៉េរិក ដែលជាជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ក្នុងគោលដៅពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្តាខេត្តជាប់ព្រំដែន។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ នៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញ រវាងឯកឧត្តម ហេង រតនា អគ្គនាយក CMAC និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា។

គម្រោងដែលមានឈ្មោះថា «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ» នឹងត្រូវអនុវត្តក្នុងរយៈពេល ១៨ខែ ដោយចាប់ផ្តើមពីខែតុលា ឆ្នាំ២០២៦ នេះ រហូតដល់ខែមីនា ឆ្នាំ២០២៨។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គម្រោងនេះនឹងផ្តោតលើការប្រមូលផ្តុំកម្លាំងបច្ចេកទេស និងបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមនៅតាមបណ្តោយព្រំដែន ដែលបន្តគំរាមកំហែងដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រែចម្ការ និងលំនៅដ្ឋាន។

គួរបញ្ជាក់ថា អង្គការ APOPO គឺជាដៃគូយុទ្ធសាស្ត្រអន្តរជាតិដ៏សំខាន់របស់ CMAC តាំងពីឆ្នាំ២០១៤ មក ដោយបានរួមចំណែកយ៉ាងខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្រច្នៃប្រឌិត រួមទាំងការប្រើប្រាស់សុនខ និងកណ្តុរហិតមីន ក្នុងការស្រាវជ្រាវ និងបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

កិច្ចសហប្រតិបត្តិការក្រោមជំនួយឥតសំណងរបស់សហភាពអឺរ៉ុបនាពេលនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ បង្កើនសន្តិសុខមនុស្ស និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ព្រំដែនកម្ពុជា៕

Share.