បាងកក៖ កងកម្លាំងពិសេសណារ៉េសួន របស់ថៃ បានដាក់ចេញនូវវិធានការណ៍ក្តៅចំនួន ៤ដំណាក់កាល ដើម្បីឆ្លើយតបទៅនឹងការធ្លាក់គ្រាប់ផ្លោងឆ្លងដែនពីប្រទេសមីយ៉ាន់ម៉ា ក្នុងពេលដែលការប្រយុទ្ធគ្នានៅតែបន្តយ៉ាងក្តៅគគុក។ យោធាថៃបានព្រមានចំៗថា ខ្លួននឹងមិនអត់ធ្មត់ទៀតឡើយ ហើយត្រៀមប្រើប្រាស់កម្លាំងវាយបកវិញភ្លាមៗ ប្រសិនបើពិនិត្យឃើញថា ការបាញ់ប្រហារនោះធ្វើឡើងដោយចេតនា ឬបង្កឱ្យមានការខូចខាតដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនថៃ។

ការប្រកាសអាសន្ននេះ បានកើតឡើងបន្ទាប់ពីគ្រាប់ផ្លោងជាច្រើនគ្រាប់បានធ្លាក់ចូលក្នុងទឹកដីថៃជាបន្តបន្ទាប់ បង្កឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនរងរបួស និងខូចខាតផ្ទះសម្បែង។ ថ្វីបើកន្លងមក កងទ័ពថៃរងការរិះគន់ថា តែងតែឆ្លើយតបក្នុងលក្ខណៈទន់ជ្រាយ ដោយត្រឹមតែបាញ់ផ្សែងព្រមាន ឬផ្ញើលិខិតតវ៉ាក៏ដោយ ប៉ុន្តែលើកនេះ ភាគីថៃបានប្តេជ្ញាបង្កើនកម្រិតប្រតិបត្តិការយោធា និងវិធានការការពារខ្លួនឱ្យកាន់តែម៉ឺងម៉ាត់ជាងមុន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។

ប្រភព​៖ Khaosod

Share.