ភ្នំពេញ៖ ការប្រគល់ និងទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើ «គម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា» កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មិនត្រឹមតែជាព្រឹត្តិការណ៍រដ្ឋបាល ឬបច្ចេកទេសធម្មតានោះទេ ប៉ុន្តែគឺជាសញ្ញាណនៃរបត់ថ្មីមួយក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ។

ពិធីដែលបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

គម្រោងធ្វើទំនើបកម្ម និងពង្រីកទីតាំងសារមន្ទីរជាតិនេះ គឺជាផ្លែផ្កានៃចក្ខុវិស័យដ៏វែងឆ្ងាយដែលត្រូវបានប្រកាស និងណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីចុងអាណត្តិទី៦ ហើយត្រូវបានពង្រឹងបន្ថែមតាមរយៈជំនួបកំពូលរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមប្រធានាធិបតីបារាំង Emmanuel Macron។

ជាបន្តបន្ទាប់ គម្រោងនេះបានទទួលការគាំទ្រ និងការផ្តល់ជាគោលការណ៍អនុវត្តយ៉ាងសកម្មពីរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងការចូលរួមសម្របសម្រួលយ៉ាងជិតស្និទ្ធពីទីស្តីការគណៈរដ្ឋមន្ត្រី។ ការបន្តវេននៃឆន្ទៈនយោបាយនេះ បង្ហាញថាការការពារ និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ជាតិ គឺជាអាទិភាពកំពូលមួយដែលត្រូវបានដំឡើងកម្រិតជាយុទ្ធសាស្ត្រជាតិយូរអង្វែង។

កិច្ចសហការផ្ទាល់រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា លើការសិក្សាសមិទ្ធិលទ្ធភាពដែលមានទំហំថវិកា ៩០ម៉ឺនយូរ៉ូ គឺជាគ្រឹះបច្ចេកទេសដ៏រឹងមាំមួយ។ បញ្ហាប្រឈមធំបំផុតនៅក្នុងការធ្វើទំនើបកម្មសារមន្ទីរប្រវត្តិសាស្ត្រ គឺការរក្សាឱ្យបាននូវអត្តសញ្ញាណ និងតម្លៃស្ថាបត្យកម្មដើម ខណៈពេលដែលត្រូវដំឡើងសមត្ថភាពបច្ចេកវិទ្យា ក្នុងការរក្សាទុក ការស្រាវជ្រាវ និងការដាក់តាំងបង្ហាញបុរាណវត្ថុឱ្យស្របតាមស្តង់ដារអន្តរជាតិនាស្រទាប់រលកសតវត្សរ៍ទី២១។

លទ្ធផលនៃការសិក្សានេះ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏សំខាន់ ក្នុងការឆ្លើយតបទៅនឹងកំណើននៃអ្នកទស្សនា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនសមត្ថភាពសារមន្ទីរជាតិក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំផ្នែកបុរាណវិទ្យាដ៏ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដូចប្រសាសន៍គូសរំលេចរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា គម្រោងនេះគឺជាសក្ខីភាពរស់នៃចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង។ បារាំងដែលធ្លាប់ជាដៃគូសំខាន់ក្នុងការកសាងសារមន្ទីរជាតិនេះឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ ឥឡូវនេះបានបន្តបេសកកម្មជាដៃគូយុទ្ធសាស្ត្រក្នុងការធ្វើទំនើបកម្មស្ថាប័ននេះឡើងវិញបន្ទាប់ពីរយរវាងមួយសតវត្សរ៍។

សូមជម្រាបថា គម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកទីតាំងសារមន្ទីរជាតិកម្ពុជា មិនត្រឹមតែជាការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដាស់ព្រលឹងបេតិកភណ្ឌឱ្យរស់រវើកឡើងវិញក្នុងបរិបទពិភពលោកទំនើប និងជាសាក្សីភាពនៃការទូតវប្បធម៌ដ៏រឹងមាំរវាងកម្ពុជា និងបារាំង សម្រាប់ជំនាន់ក្រោយៗទៀត៕

Share.