កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវបុរាណវិទ្យា និងប្រវត្តិសាស្ត្រខ្មែរបានឈានដល់របកគំហើញថ្មីមួយទៀត បន្ទាប់ពីប្រតិបត្តិការកំណាយបុរាណវិទ្យារយៈពេល ១០ ថ្ងៃ កាលពីដើមតុលាខែនេះ ទួលយាយពុត ដែលស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី បានទម្លាយឱ្យឃើញនូវគ្រឹះឥដ្ឋនៃប្រាសាទមុនសម័យអង្គរយ៉ាងសំខាន់។

កំណាយស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយក្រុមបច្ចេកទេសនៃនាយកដ្ឋានបុរាណវិទ្យា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមស្រាវជ្រាវអង្គរបុរី-ភ្នំដា នៅតាមទីតាំងប្រាសាទភ្នំដា និងទួលយាយពុត។ សមិទ្ធផលនៃគ្រឹះឥដ្ឋប្រាសាទ និងវត្ថុបុរាណដែលបានរកឃើញ ត្រូវបានដាក់បង្ហាញជូនដល់អាជ្ញាធរដែនដី និងសិស្សានុសិស្សក្នុងតំបន់បានទស្សនាសិក្សាកាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈដែលលទ្ធផលលម្អិតបន្ថែមទៀតនឹងត្រូវបោះពុម្ពផ្សាយជាបន្តបន្ទាប់។

របកគំហើញនៅទួលយាយពុតនេះ គឺជាគ្រឹះឥដ្ឋប្រាសាទសម័យមុនអង្គរទីពីរហើយ ដែលក្រុមអ្នកជំនាញរកឃើញក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការកាយរកឃើញទីតាំងដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានៅទួលអង្គកំណប់ ស្ថិតនៅក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អង្គរបុរី ធ្លាប់ជារាជធានីចំណាស់មួយនៃអាណាចក្រភ្នំ និងជារាជធានីនយោបាយដ៏សំខាន់ក្នុងគ្រឹះនៃការកកើតអរិយធម៌ខ្មែរ ចាប់តាំងពីសតវត្សរ៍ទី ៥ មុនគ្រិស្តសករាជ រហូតដល់ចុងសតវត្សរ៍ទី ៦។ រីឯតំបន់ភ្នំដាដែលនៅជិតនោះ គឺជាទីតាំងនៃប្រាសាទបុរាណចំនួនពីរ និងមានល្អាងភ្នំប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

របកគំហើញបច្ចេកទេសនាពេលនេះ នឹងក្លាយជាទិន្នន័យបន្ថែមយ៉ាងសំខាន់សម្រាប់គាំទ្រដល់ដំណើរការរៀបចំសំណុំឯកសារ បន្ទាប់ពីកម្ពុជាបានដាក់បញ្ចូលទីតាំង «អង្គរបុរី និងភ្នំដា» ទៅក្នុងបញ្ជីបបេក្ខភាពបឋមរបស់អង្គការយូណេស្កូ (UNESCO) កាលពីខែមីនា ឆ្នាំ២០២០។

ស្របគ្នានេះដែរ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកទី១ ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១១ ដើម្បីណែនាំសមាសភាពក្រុមការងារ និងស្តាប់របាយការណ៍បច្ចុប្បន្នភាព ក្នុងគោលដៅជំរុញការរៀបចំឯកសារឱ្យបានរៀបរយ។ តាមផែនការ កម្ពុជាមានគោលដៅស្នើសុំការចុះបញ្ជីផ្លូវការជាបេតិកភណ្ឌវប្បធម៌ពិភពលោកពេញលេញនៅឆ្នាំ ២០២៧ ខាងមុខ។

សូមបញ្ជាក់ថា បន្ថែមពីលើទីតាំងអង្គរបុរី និងភ្នំដា កម្ពុជានៅមានរមណីយដ្ឋានប្រវត្តិសាស្ត្រសំខាន់ៗមួយចំនួនទៀតដែលកំពុងស្ថិតក្នុងបញ្ជីបម្រុងរបស់អង្គការ UNESCO រួមមាន តំបន់រមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ, ប្រាសាទបឹងមាលា, ភ្នំឧដុង្គ, ភ្នំគូលែន ឬមហេន្ទ្របព៌ត និងព្រះខ័នកំពង់ស្វាយ៕

Share.