កាសែត The Nation បានផ្សាយនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ នេះឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចេញមុខលាតត្រដាងពីបញ្ហាសន្តិសុខយោធាដ៏រសើបមួយ ដោយបានទទូចឱ្យរដ្ឋាភិបាលអនុម័តថវិកាសម្រាប់ការបាញ់បង្ហោះផ្កាយរណបយោធាផ្ទាល់ខ្លួន ក្រោមហេតុផលថា សញ្ញា GPS របស់យោធាថៃធ្លាប់ត្រូវគេបិទ និងរារាំងដោយភាគីខាងក្រៅ ក្នុងអំឡុងពេលប្រយុទ្ធ និងជម្លោះប្រដាប់អាវុធនៅតាមព្រំដែនជាមួយកម្ពុជានាពេលកន្លងមក។

នៅក្នុងបទសម្ភាសន៍ជាពិសេសជាមួយ Naewna Online សម្រាប់កម្មវិធី «Political Highlights» រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ឯក Adul Boonthamcharoen បានលើកឡើងអំពីស្ថានភាពសន្តិសុខនៅតាមព្រំដែនថៃ-កម្ពុជា ដោយបានសង្កត់ធ្ងន់ថា ភារកិច្ចចម្បងរបស់លោកគឺធានានូវការត្រៀមខ្លួនជាស្រេចរបស់កងកម្លាំងយោធាថៃក្នុងការគាំទ្រដល់ប្រតិបត្តិការនៅមូលដ្ឋាន និងការលើកកម្ពស់គុណភាពជីវិតរបស់ទាហានឈរជើងតាមព្រំដែន រួមមានការផ្គត់ផ្គង់ទឹក អគ្គិសនី បណ្តាញទូរស័ព្ទ និងហេដ្ឋារចនាសម្ព័ន្ធ។

លោកបានបញ្ជាក់ថា ថវិកាចំនួន ១៨៥ លានបាត ត្រូវបានបែងចែករួចជាស្រេចសម្រាប់ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យឬបន្ទះសូឡា នៅតាមប៉ុស្តិ៍ការពារព្រំដែននានា។

ទោះជាយ៉ាងណា ក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែង ក្រសួងការពារជាតិថៃកំពុងស្វែងរកការអនុម័តថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្លាស់ប្តូរអាវុធយុទ្ធភណ្ឌដែលចាស់ទ្រុឌទ្រោម ជួសជុលសម្ភារៈយោធាដែលខូចខាតក្នុងជម្លោះ និងត្រៀមលក្ខណៈសម្រាប់សេនារីយ៉ូប្រឈមមុខដាក់គ្នានាពេលអនាគត។ ក្នុងនោះ ការអភិវឌ្ឍឧស្សាហកម្មការពារជាតិក្នុងស្រុក ដូចជាការផលិតគ្រាប់រំសេវ និងគ្រឿងផ្ទុះដោយខ្លួនឯង ត្រូវបានចាត់ទុកជាអាទិភាព។

ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងការលាតត្រដាងរបស់រដ្ឋមន្ត្រីការពារជាតិថៃ គឺតម្រូវការជាបន្ទាន់នូវផ្កាយរណបយោធាដាច់ដោយឡែកមួយសម្រាប់ការពារជាតិ។ លោកបានគូសរំលេចថា ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធកន្លងមក ភាគីខាងក្រៅ ឬប្រទេសទីបីបានកាត់ផ្តាច់ និងបិទសញ្ញា GPS របស់ថៃ ដែលបង្កើតជាផលវិបាកយ៉ាងខ្លាំងដល់ការបញ្ជាការ និងការប្រយុទ្ធជាក់ស្តែង។

កត្តានេះបានធ្វើឱ្យកងទ័ពអាកាសថៃកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់លើការបាញ់បង្ហោះផ្កាយរណបយោធាផ្ទាល់ខ្លួន ដើម្បីលុបបំបាត់ការពឹងផ្អែកលើប្រព័ន្ធបរទេស។ ផ្អែកតាមសេចក្តីរាយការណ៍ រដ្ឋាភិបាលថៃបានអនុម័តថវិការាប់ម៉ឺនលានបាតជូនដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមខ្លួនប្រយុទ្ធ ទោះបីជាព័ត៌មានលម្អិតជាក់លាក់នៃថវិកានេះត្រូវបានរក្សាជាការសម្ងាត់យោធាក៏ដោយ។

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ បានរំលឹកឱ្យឃើញនូវការថ្លែងកាលពីប៉ុន្មានខែមុនដោយ ឧត្តមសេនីយ៍ឯកអាកាស Seksan Kantha មេបញ្ជាការកងទ័ពអាកាសថៃធ្លាប់បានព្រមានថា នៅក្នុងស្ថានភាពសង្គ្រាមជាក់ស្តែង ប្រទេសថៃមិនអាចពឹងផ្អែកលើបច្ចេកវិទ្យារបស់ប្រទេសដទៃបានឡើយ ព្រោះថាសម្ព័ន្ធមិត្តរបស់ប្រទេសទាំងនោះអាចជាគូប្រជែងរបស់ថៃ ហើយកន្លងមកធ្លាប់មានប្រទេសខ្លះបានធ្វើការរារាំងសញ្ញាផ្កាយរណបរបស់ថៃរួចមកហើយ។

សូមជម្រាបថា ការទាមទារថវិកាបាញ់ផ្កាយរណបយោធាផ្ទាល់ខ្លួននេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិរបស់ថៃ ឆ្ពោះទៅរកការខិតខំក្តោបក្តាប់បច្ចេកវិទ្យាអវកាស និងសន្តិសុខឌីជីថលដោយខ្លួនឯង ដើម្បីទប់ទល់នឹងសង្គ្រាមបច្ចេកវិទ្យានាពេលខាងមុខ៕

Share.