រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង ស្ដីពីការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (CRVS M&E Framework)។

កិច្ចប្រជុំនេះត្រូវបានសហការរៀបចំដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងអង្គការ Vital Strategies ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងផែនការ និងស្ថាប័នពាក់ព័ន្ធ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺពិនិត្យ កែសម្រួល និងសម្រេចលើសេចក្ដីព្រាងក្របខ័ណ្ឌ CRVS M&E Framework ព្រមទាំងពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ជំហានបន្ទាប់រួមគ្នា ក្នុងការអនុវត្តក្របខ័ណ្ឌនេះឱ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ទីប្រឹក្សាអង្គការ Vital Strategies អនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

Share.