ស្ត្រីរងគ្រោះម្នាក់បានសម្រេចចិត្តលោតចុះពីលើម៉ូតូភ្លាមៗ បន្ទាប់ពីអ្នកស៊ីឈ្នួលរត់ម៉ូតូឌុបតាម App ក្នុងទីក្រុងបាងកក រូបនោះ បានព្យាយាមបៀតបៀនកេរ្តិ៍ខ្មាសនាង ថែមទាំងមិនព្រមឈប់ឱ្យនាងចុះទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍នេះត្រូវបានគេជួយទាន់ពេលវេលា ដោយក្រុមអ្នករត់ម៉ូតូឌុបនៅក្បែរនោះ បានព្រួតគ្នាចាប់ឃាត់ខ្លួនជនសង្ស័យ ទុកឱ្យនគរបាលមកដល់ទីតាំងកើតហេតុ។

គួរឱ្យដឹងផងដែរថា ករណីនេះបានផ្អើលឡើង បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយបានចែករំលែកវីដេអូបង្ហាញពីការប៉ះទង្គិចគ្នានៅកន្លែងកើតហេតុ។ ភ្លាមៗនោះ អ្នកសារព័ត៌មានក៏បានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយអ្នករត់ម៉ូតូឌុបម្នាក់ ដែលបានចូលរួមជួយសង្គ្រោះស្ត្រីរងគ្រោះ។

បើតាមលោក ប៉ាន់ អាយុ ៤៤ ឆ្នាំ ដែលជាអ្នករត់ម៉ូតូឌុបមួយរូបក្នុងចំណោមអ្នកដែលបានចូលទៅជួយ បានរៀបរាប់ថា ស្ត្រីរងគ្រោះបានកក់សេវាកម្មម៉ូតូឌុបនៅវេលាម៉ោងប្រមាណ ១០ព្រឹក ចេញពីផ្លូវ រ៉ាត់ឆាដាភិសេក Soi36 ។

អំឡុងពេលធ្វើដំណើរ អ្នកបើកបររូបនោះបាននិយាយពាក្យសម្តីមិនសមរម្យ និងបែបបៀតបៀនផ្លូវភេទ ថែមទាំងបានលូកដៃទៅស្ទាបផ្លូវស្រីរងគ្រោះទៀតផង។ ដោយសារតែ មានការភ័យខ្លាចយ៉ាងខ្លាំង នាងបានស្នើសុំចុះពីលើម៉ូតូ ប៉ុន្តែ អ្នកបើកបរមិនព្រមឈប់នោះទេ ហើយបានបន្តបើកសំដៅទៅផ្លូវ វិភាវឌី រាំងសិត។

សំណាងល្អ នៅពេលកំពុងស្ទះចរាចរណ៍ ស្ត្រីរងគ្រោះក៏បានសម្រេចចិត្តលោតចុះពីលើម៉ូតូ រួចរត់តម្រង់ទៅកាន់កន្លែងរង់ចាំម៉ូតូឌុបដែលនៅជិតនោះ ទាំងទឹកភ្នែក និងស្រែកសុំជំនួយ។

លោក ប៉ាន់ បានបន្តថា រូបលោក និងអ្នករត់ម៉ូតូឌុបជាច្រើននាក់ទៀត បានចូលទៅជួយភ្លាមៗ ដោយបានព្រួតគ្នាកាត់មុខ និងឡោមព័ទ្ធអ្នកបើកបររូបនោះ ដើម្បីបង្ការកុំឱ្យបើករត់គេចខ្លួន។

ទោះបីជា មានក្រុមអ្នករត់ម៉ូតូឌុបជាច្រើននាក់ឈរពាំងយ៉ាងណាក៏ដោយ ក៏បុរសរូបនោះនៅតែព្យាយាមចូលទៅជិតស្ត្រីរងគ្រោះដដែល ហេតុដូចនេះហើយ ទើបក្រុមអ្នករត់ម៉ូតូឌុបសម្រេចចិត្តចាប់ឃាត់ខ្លួនគេតែម្តង។

បន្ទាប់មក ពួកគេបានទាក់ទងហៅនគរបាលប៉ុស្តិ៍ ផាហុន យ៉ូធីន ដើម្បីចុះមកដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាល។

ទន្ទឹមនឹងនេះដែរ សមត្ថកិច្ចបានគ្រោងនឹងពិនិត្យមើលថា តើអ្នកបើកបររូបនោះមានបញ្ហាសុខភាព ឬជំងឺផ្លូវចិត្តដែរឬយ៉ាងណា មុននឹងឈានទៅដល់ការសាកសួរលម្អិតបន្ថែមទៀតនៅឯអធិការដ្ឋាន។

ដោយឡែក ស្ត្រីរងគ្រោះមិនបានទទួលរងរបួសអ្វីនោះទេ ហើយគ្រួសាររបស់នាងបានទៅទទួលនាងនៅប៉ុស្តិ៍នគរបាល។ មុនពេលចាកចេញ នាងបានលើកដៃសំពះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ប៉ាន់ និងក្រុមអ្នករត់ម៉ូតូឌុបទាំងអស់ដែលបានជួយសង្គ្រោះនាង។

ជាចុងក្រោយ លោក ប៉ាន់ បានផ្ញើសាររំលឹក និងដាស់តឿនដល់អ្នកធ្វើដំណើរដែលប្រើប្រាស់អែបហៅម៉ូតូឌុបទាំងអស់ ឱ្យប្រុងប្រយ័ត្ន និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ថា តើឈ្មោះអ្នកបើកបរ ផ្លាកលេខ និងព័ត៌មានយានយន្ត ពិតជាត្រឹមត្រូវដូចអ្វីដែលបានបង្ហាញនៅក្នុង App ដែរឬទេ។ លើសពីនេះទៅទៀត លោកបានបន្ថែមថា ប្រសិនបើមានអារម្មណ៍ថា មានអ្វីមិនប្រក្រតី ឬមិនសុវត្ថិភាព អ្នកធ្វើដំណើរគួរតែព្យាយាមចុះនៅទីតាំងដែលមានសុវត្ថិភាព ស្វែងរកជំនួយពីមនុស្សដែលនៅជិតបំផុត និងប្រញាប់ទាក់ទងទៅសមត្ថកិច្ចភ្លាមៗ៕

ប្រភព៖ The Thaiger

Share.