នៅក្នុងកិច្ចប្រតិបត្តិការរួមគ្នាយ៉ាងធំមួយ រវាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងទីភ្នាក់ងារប្រឆាំងគ្រឿងញៀនអាមេរិក (DEA) គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ជិត ១តោន (៩៧៩គីឡូក្រាម) ត្រូវបានបង្ក្រាប និងរឹបអូសបានទាន់ពេលវេលា ដោយទប់ស្កាត់មិនឱ្យសាយភាយចូលទៅក្នុងសហគមន៍ឡើយ។

ជុំវិញនូវភាពជោគជ័យនៃការបង្រ្កាបទប់ស្កាត់បានទាន់ពេលវេលា សហរដ្ឋអាមេរិក បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ក្នុងការឈរជើងយ៉ាងរឹងមាំជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជនដែលកំពុងគំរាមកំហែងដល់សុវត្ថិភាព សុខុមាលភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ផ្អែកតាមប្រភពព័ត៌មាន ទីភ្នាក់ងារ DEA សហរដ្ឋអាមេរិក បានសហការជិតស្និទ្ធជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា និងស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងការចុះបង្ក្រាប និងស្ទាក់ចាប់ទូកនេសាទសង្ស័យមួយចំនួន ដែលមានបំណងដឹកជញ្ជូនសារធាតុញៀនចេញពីកំពង់ផែខេត្តកោះកុង តភ្ជាប់ទៅកាន់នាវាធំៗនៅដែនទឹកអន្តរជាតិ។ ប្រតិបត្តិការនេះបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងការរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុបចំនួន ៩៧៩គីឡូក្រាម។

តាមរយៈភាពជោគជ័យនៃប្រតិបត្តិការនេះ បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ នឹងមិនអាចចែកចាយទៅដល់ដៃប្រជាពលរដ្ឋនៅក្នុងសហគមន៍នៅសហរដ្ឋអាមេរិក កម្ពុជា ឬសហគមន៍ណាមួយផ្សេងទៀតបានឡើយ។

បច្ចុប្បន្ន ក្រុមឧក្រិដ្ឋជនឆ្លងដែនតែងតែផ្លាស់ប្តូរល្បិចកល ដោយព្យាយាមប្រើប្រាស់ទឹកដីនៃកម្ពុជា ជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារ DEA នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយគាំទ្រដល់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដើម្បីលុបបំបាត់ និងកម្ទេចបណ្តាញឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីដែនដី៕

Share.