កាសែតថៃបានចេញផ្សាយនៅថ្ងៃទិ ២៨ ខែតុលា ឆ្នាំ ២០២៦ នេះឱ្យដឹងថា កម្លាំងនគរបាលសាយប័រថៃ បានចុះឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ វិផា អាយុ ៣៥ ឆ្នាំ នៅខេត្តកញ្ចនបុរី ដែលជាម្ចាស់ «គណនីធនាគារសោះហោះ» សម្រាប់ទទួលប្រាក់ពីបណ្តាញគ្រុប Telegram សម្ងាត់ចែកចាយវីដេអូអាសអាភាស។

ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីនារីរងគ្រោះជាច្រើននាក់បានប្តឹងថា ត្រូវបានគេលួចយក «វីដេអូឯកជន» ទៅផ្សព្វផ្សាយលើបណ្តាញសង្គម X ក្រោមគណនីឈ្មោះ “Luang Phi Justin JWDYM”។ គណនីនេះបានភ្ជាប់លីងនាំទៅកាន់គ្រុប Telegram សម្ងាត់ និងមានការអូសទាញឱ្យលេងល្បែងអនឡាញផងដែរ។

បណ្តាញនេះបានបែងចែកជាកម្រិតអតិថិជន គឺ កញ្ចប់ធម្មតាបង់លុយ ៩៩ បាតដែលមានសមាជិកជាង ៣០០នាក់ និងកញ្ចប់ VIP បង់លុយ ៦៩៩ បាត ដែលមានសមាជិកជាង ៧០០នាក់ សម្រាប់ទស្សនាវីដេអូរបស់និស្សិត និងតារាល្បីៗរបស់ថៃ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពទោសទាំងស្រុង ខណៈប៉ូលិសសាយប័រថៃកំពុងបន្តតាមប្រមាញ់ខ្លួនមេក្លោងមកផ្តន្ទាទោសតាមច្បាប់៕

Share.