កងកម្លាំងអនុវត្តច្បាប់នៃសហរដ្ឋអាមេរិក និងកម្ពុជា បានសហការគ្នាយ៉ាងជោគជ័យក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនដ៏ធំមួយ ដោយបានស្ទាក់ចាប់ទូកនេសាទមួយគ្រឿង និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ជិត ១តោន (ប្រមាណ ៩៧៩ គីឡូក្រាម) ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់។

យោងតាមការបញ្ជាក់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា ប្រតិបត្តិការរួមគ្នានេះ ត្រូវបានធ្វើឡើងក្រោមការសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) ជាមួយនឹងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង។

ប្រភពដដែលបានឱ្យដឹងថា កងកម្លាំងជំនាញបានធ្វើការស្ទាក់ចាប់ទូកនេសាទសង្ស័យមួយគ្រឿង ដែលបានដឹកជញ្ជូនសារធាតុញៀនចេញពីកំពង់ផែកោះកុង ក្នុងគោលដៅឆ្ពោះទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។ ការបង្ក្រាបបានទាន់ពេលវេលានេះ បានរារាំងគ្រឿងញៀនជិត ១តោន មិនឱ្យហូរចូល និងបំផ្លាញសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ កម្ពុជា ឬ សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនោះឡើយ។

ស្ថានទូតអាមេរិកបានគូសបញ្ជាក់ថា បណ្តាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀន តែងតែព្យាយាមប្រើប្រាស់ទឹកដីកម្ពុជាជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។ ក្នុងន័យនេះ រដ្ឋបាល DEA នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការឈរនៅខាងអាជ្ញាធរកម្ពុជា ដើម្បីគាំទ្រ និងជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង បង្ក្រាប និងកម្ទេចបណ្តាញឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីសហគមន៍៕

Share.