បាងកក៖ ហេតុការណ៍អំពើហិង្សាដ៏គួរឱ្យរន្ធត់មួយបានផ្ទុះឡើងនៅក្នុងការដ្ឋានសាងសង់មួយកន្លែង នាទីក្រុងបាងកក ខណៈដែលជម្លោះពាក្យសម្តីជុំវិញរឿងប្រាក់ឈ្នួល បានឈានទៅដល់អំពើឃាតកម្មបណ្តាលឱ្យថៅកែជនជាតិចិនម្នាក់ត្រូវបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍សោកនាដកម្មនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៨យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងសមត្ថកិច្ចថៃបានប្រញាប់ប្រញាល់ចុះទៅពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ ក្នុងជំរុំស្នាក់នៅរបស់កម្មករ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ។ ភ្លាមៗនោះ សមត្ថកិច្ចបានប្រទះឃើញជនរងគ្រោះឈ្មោះ Yang Zhongshu អាយុ ៣៩ឆ្នាំ ជាជនជាតិចិន ដេកក្នុងថ្លុកឈាម ដោយមានរបួសបែកក្បាល និងខូចទម្រង់មុខយ៉ាងធ្ងន់ធ្ងរ ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដោយភ្លាមៗ ក្រុមសង្រ្គោះបានព្យាយាមធ្វើ CPR យ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនោះបានផុតដង្ហើមនៅនឹងកន្លែងកើតហេតុបាត់ទៅហើយ។ ចំណែកឯជនជាតិចិនម្នាក់ទៀតឈ្មោះ He Shisheng អាយុ ៤៩ឆ្នាំ ត្រូវរងរបួសក្បាល និងត្រូវគេចាក់មួយកាំបិតលើខ្នង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Sirindhorn។

តាមលទ្ធផលនៃការស៊ើបអង្កេតបឋម និងការបកស្រាយពីសាក្សីជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ លោក Yang និងលោក He ដែលត្រូវជាមិត្តភក្តិនឹងគ្នា បានចុះទៅដល់ជំរុំកម្មករនៅវេលាម៉ោងប្រហែល ៦:៣០នាទីល្ងាច ដើម្បីទូទាត់ប្រាក់ខែប្រចាំខែជូនដល់កម្មករជនជាតិមីយ៉ាន់ម៉ជិត ៦០នាក់។ ទោះជាយ៉ាងណា ស្ថានភាពបានចាប់ផ្តើមតឹងសរសៃក ក្រោយពេលដែលមានកម្មករជាប្ដីប្រពន្ធ ២គូ បានសុំលាឈប់ពីការងារភ្លាមៗដោយគ្មានការជូនដំណឹងមុន។ ហេតុនេះបានធ្វើឱ្យលោក Yang ខឹងសម្បារយ៉ាងខ្លាំង រហូតប្រើប្រាស់ពាក្យពេចន៍ជេរប្រមាថមើលងាយលើគុណភាពការងារ និងបានបដិសេធដាច់ខាតមិនព្រមបើកប្រាក់ឈ្នួលឱ្យកម្មករទាំង ៤នាក់នោះឡើយ ហើយក៏បានបង្កជាកំហឹង និងឈានដល់ការប្រតាយប្រតប់គ្នាតែម្ដង។

ក្រុមកម្មករទាំង ៤នាក់ បានវាយប្រហារទៅលើលោក Yang ក្នុងនោះ ជនសង្ស័យជាបុរស ២នាក់ បានស្ទុះទៅទាញយកដែកសរសៃគ្រឹះប្រវែងប្រហែល ៦០សង់ទីម៉ែត្រ មកវាយ និងចាក់រូបលោក។ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមឃាតករបានលួចយកប្រាក់សុទ្ធចន្លោះពី ៤០,០០០ ទៅ ៥០, ០០០បាត ពីខ្លួនជនរងគ្រោះ រួចគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ ក្នុងពេលកើតហេតុ កម្មករផ្សេងទៀតដែលនៅជិតនោះ មិនហ៊ានចូលអន្តរាគមន៍ ឬឃាត់ឃាំងឡើយ ដោយសារតែភាគច្រើនជាកម្មករខុសច្បាប់ គ្មានលិខិតឆ្លងដែន និងកំពុងស្ថិតក្នុងដំណាក់កាលរត់ការឯកសារ។
បច្ចុប្បន្ន កម្លាំងប៉ូលិសមូលដ្ឋាន Lat Krabang កំពុងស្រាវជ្រាវយ៉ាងក្តៅគគុក ដោយបានពិនិត្យមើលរូបភាពពីកាមេរ៉ាសុវត្ថិភាព តាមផ្លូវគេចខ្លួនរបស់ក្រុមជនសង្ស័យ និងបានកំណត់មុខសញ្ញាជនសង្ស័យម្នាក់ក្នុងចំណោម ៤នាក់នោះរួចហើយ គឺជាបុរសជនជាតិមីយ៉ាន់ម៉ាឈ្មោះ Soe Htike Aung អាយុ ២៥ឆ្នាំ ដើម្បីតាមប្រមាញ់យកមកផ្តន្ទាទោសតាមច្បាប់៕

