សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការក្តៅរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញលិខិតណែនាំរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់នៅតាមសត្វឃាតដ្ឋាននានា ដើម្បីការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក និងធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងថា កន្លងមកអគ្គនាយកដ្ឋាន បានសង្កេតឃើញថាមានករណីលួចនាំចូលជ្រូករស់មកពិឃាតនៅតាមសត្វឃាតដ្ឋានក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញបានកើតឡើងជាញឹកញាប់។ ការលួចនាំចូលជ្រូករស់ដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលពីប្រទេសជិតខាង គឺជាហានិភ័យប្រឈមខ្ពស់នឹងការរីករាលដាលជំងឺឆ្លងសត្វ ព្រមទាំងជំងឺឆ្លងរវាងសត្វ និងមនុស្ស។
ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានបានស្នើឱ្យប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត ចាត់តាំងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ឱ្យចុះពង្រឹងការងារត្រួតពិនិត្យ និងដឹកនាំមន្ត្រីទទួលបន្ទុកប្រចាំការនៅតាមសត្វឃាតដ្ឋានឱ្យអនុវត្តតួនាទីប្រកបដោយភាពម៉ឺងម៉ាត់ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងការពារសុខភាពសាធារណៈ និងធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ។

កិច្ចសម្ភាសន៍តាមទូរស័ព្ទនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានកត់សម្គាល់ថា លិខិតបញ្ជា និងការណែនាំនេះបានជ្រាបចូលទៅដល់មន្ត្រីថ្នាក់ក្រោមជាតិ រហូតដល់ការិយាល័យបសុសត្វតាមបណ្តាខេត្ត និងតាមមូលដ្ឋាន ដើម្បីចុះពិនិត្យសត្វឃាតដ្ឋានយ៉ាងសកម្ម។
តំណាងឱ្យវិស័យចិញ្ចឹមសត្វនៅទូទាំងប្រទេសកម្ពុជា លោក ស្រ៊ុន ពៅ បានគាំទ្រ និងអរគុណចំពោះវិធានការនេះ ដោយលើកឡើងថា ការលួចនាំចូលសត្វដោយគ្មានច្បាប់ គ្មានការត្រួតពិនិត្យ និងគ្មានប្រភពច្បាស់លាស់គឺជាហានិភ័យធ្ងន់ធ្ងរដែលទាមទារឱ្យមានវិធានការម៉ឺងម៉ាត់ជាបន្ទាន់។
លោក ស៊្រុន ពៅ បានសង្កត់ធ្ងន់ពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃជំងឺឆ្លងសត្វ ថា «សត្វដែលនាំចូលគ្មានច្បាប់ និងគ្មានការត្រួតពិនិត្យ អាចផ្ទុកជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ៊ិ្រក។ ថ្វីបើជំងឺប៉េស្តជ្រូកអាហ្វ៊ិ្រក មិនឆ្លងទៅមនុស្ស ប៉ុន្តែវាជាជំងឺកាចសាហាវបំផុតសម្រាប់សត្វជ្រូកនាពេលបច្ចុប្បន្ននេះ ហើយវាអាចឆ្លងទៅសត្វជ្រូកតាមរយៈសត្វល្អិតដូចជា ចាប រុយ ឬតាមមធ្យោបាយយដឹកជញ្ជូនជាដើម។ បើជំងឺប៉េស្តជ្រូកអាហ្វ៊ិ្រក ឆ្លងចូលក្នុងសិដ្ឋានណាមួយហើយ វានឹងរីរាលដាលពេញកសិដ្ឋាននោះ បំផ្លិចបំផ្លាចជ្រូកទាំងអស់នៅក្នុងកសិដ្ឋាននោះ នឹងអាចឆ្លងយ៉ាងឆាប់រហ័សទៅបំផ្លិចបំផ្លាញជ្រូកទាំងអស់នៅក្នុងសហគមន៍នោះ ហើយបើទប់ស្កាត់មិនទាន់ទេ វានឹងអាចបំផ្លាចបំផ្លាញជ្រូកនៅទូទាំងប្រទេសតែម្តង។
លោកបានបន្តថា ខណៈដែលប្រទេសជិតខាងកំពុងរាតត្បាតដោយជំងឺប៉េស្តជ្រូកអាហ្វ្រិក ការលួចនាំចូលជ្រូកដោយគ្មានច្បាប់ គ្មានការត្រួតពិនិត្យ គឺដូចនាំចូលមេរោគមកបំផ្លាញសត្វចិញ្ចឹមក្នុងស្រុក ក៏ថែមទាំងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារ និងតម្លៃសត្វចិញ្ចឹមរបស់កសិករក្នុងស្រុក ដែលបច្ចុប្បន្នមានសមត្ថភាពផលិត និងផ្គត់ផ្គង់សាច់គ្រប់គ្រាន់ មិនចាំបាច់ត្រូវការនាំចូលពីក្រៅប្រទេសឡើយ។
បន្ថែមពីនេះ លោកប្រធានសមាគម បានឱ្យដឹងថា ក្រុមការងារសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន និងកំពុងចុះសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែននានា ដើម្បីពង្រឹងការស្ពាន និងប្រមូលព័ត៌មានរាយការណ៍ជូនប្រជាពលរដ្ឋ និងអ្នកចិញ្ចឹមសត្វឱ្យបានជ្រាបជាប្រចាំ។
លោកបានអំពាវនាវដល់មន្ត្រីអាជ្ញាធរនៅតាមច្រកព្រំដែន និងថ្នាក់មូលដ្ឋាន ឱ្យបន្តជួយទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ឱ្យបានដាច់ខាត ដើម្បីការពារផលប្រយោជន៍ និងជីវភាពរបស់កសិករ។
ព្រមជាមួយគ្នានោះ លោកក៏បានប្រកាសអំពាវនាវដល់កសិករចិញ្ចឹមសត្វទាំងអស់ ចាប់ពីការចិញ្ចឹមជ្រូក មាន់ ទា និងកសិករចិញ្ចសត្វយកស៊ុត សូមមកចុះឈ្មោះចូលរួមជាសមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីងាយស្រួលក្នុងការរៀបចំទិន្នន័យ ស្ថិតិ និងផែនការផ្គត់ផ្គង់ទីផ្សារឱ្យបានច្បាស់លាស់ ចៀសវាងការចិញ្ចឹមតាមចិត្តនាំឱ្យជួបហានិភ័យ និងការខាតបង់ថវិកា៕


